(ភ្នំពេញ)៖ ស្ត្រីជាភរិយាមន្ត្រីសមត្ថកិច្ចថ្នាក់ធំគួរសមមួយរូប បានទូរស័ព្ទមកប្រាប់ Fresh News នៅរសៀលថ្ងៃនេះថា មានទីតាំងភោជនីយដ្ឋានធំគួរសមមួយ នៅតាមបណ្ដោយផ្លូវលេខ៤៣២ ខាងកើតសាលារៀនទួលទំពូង ត្រូវបានបុរសម្នាក់ឈ្មោះ សៀង បើកលេងល្បែងស៊ីសង យកតុងយ៉ាងស្ងាត់ស្ងៀមបំផុត ហើយអ្នកទៅលេងភាគច្រើនសុទ្ធតែជាមន្ត្រីមានយសស័ក្ដិ និងអ្នករកស៊ីធំៗ។
ស្ត្រីខាងលើបានលួចខ្សឹបថា ជារៀងរាល់ថ្ងៃ ប្ដីរបស់អ្នកស្រីដែលមានបុណ្យស័ក្ដិគួរសម គឺគាត់មិនសូវទៅធ្វើការនោះទេ អោយតែថ្ងៃឡើងយកលេសទៅផឹកកាហ្វេ ជួបជុំមិត្តភក្ដិនៅក្នុងហាងកាហ្វេខាងលើនេះ រួចហើយឡើងទៅជាន់ខាងលើនាំគ្នាលេងបៀ ពេលខ្លះបញ្ចាំឡាន ពេលខ្លះបញ្ចាំចិញ្ចៀនដែលប្រពន្ធខំទិញអោយពាក់ ហើយយកលេសថា មិត្តភក្ដិខ្ចីពាក់ឬខ្ចីជិះ។ លុះខ្លួនមានការសង្ស័យធ្វើការតាមដានទៅទើបដឹងថា ប្ដីរបស់ខ្លួនទៅលេងបៀរនៅក្នុងភោជនីយដ្ឋានខាងលើដោយមាន ឈ្មោះ សៀង ជាអ្នកបើកយកតុង និងទទួលបញ្ចាំ។
ក្នុងនោះល្បែងដែលពួកគេបើកលេងរួមមាន អុងឌូ, បុកគ្ឌាំង, អូសផែ, និងលេងឡះ ជាដើម ហើយអ្នកទៅលេងភាគច្រើនជាមន្ត្រីមានយសស័ក្ដិ ខ្លះពាក់ផ្កាយ ខ្លះជាថៅកែ ប្រធានក្រុមហ៊ុនជាដើម ដោយអ្នកល្មមៗអត់លុយគេមិនអោយឡើងលេងនោះទេ។ ចំណែកមេវង់ឈ្មោះសៀង មួយថ្ងៃៗយកតុង និងទទួលបញ្ចាំបានចំណូលរាប់រយ រាប់ពាន់ដុល្លារឯណោះ។ ទីតាំងល្បែងខាងលើ ពេលព្រឹកគេមានលក់គុយទាវ បាយ ធម្មតា តែពេលថ្ងៃរសៀលមិនសូវមានភ្ញៀវចូលនោះទេ គឺសំបូរតែអ្នកលេងបៀរ ដោយគេមើលពីខាងក្រៅគ្មានអ្នកណាចាប់អារម្មណ៍នោះទេ ព្រោះនឹកស្មានតែភ្ញៀវចូលផឹកកាហ្វេហូបចុកធម្មតា តាមពិតចតឡាន ចតម៉ូតូឡើងលេងបៀរតែប៉ុណ្ណោះ ដោយមួយថ្ងៃៗលេងចាញ់ឈ្នះរាប់ម៉ឺន រាប់សែនដុល្លារក៏មានដែរ។
ស្ត្រីអ្នកខ្សឹបដែលប្ដីខ្លួនងប់នឹងល្បែងចាញ់អស់លុយរាប់ម៉ឺនដុល្លារ បានសំណូមពរតាម Fresh News សុំអោយសមត្ថកិច្ចចុះទៅមើលវង់ល្បែងជ្រកក្រោមផ្លាកភោជនីយដ្ឋានខាងលើនេះផង៕