(ភ្នំពេញ)៖ រយៈពេល ២ខែដើមឆ្នាំ២០២៤នេះ កម្ពុជានាំចេញផលិតផលមិនមែនវាយយនភណ្ឌមានទំហំ ២ ០៩០ លានដុល្លារ កើនឡើង២៣% ខណៈការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរមានទំហំ ១ ៨៩៦ លានដុល្លារកើន២២.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ ការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរមានទំហំ១ ៨៩៦ លានដុល្លារ កើន២២.៣%, ផលិតផលមិនមែនវាយយនភណ្ឌមានទំហំ ២ ០៩០ លានដុល្លារ កើនឡើង២៣% ក្នុងនោះការនាំចេញស្រូវមានទំហំ ៣៦៨លានដុល្លារកើនឡើង ៥៤%, គ្រឿងសង្ហារិម មានទំហំ ១១៤លានដុល្លារ កើនឡើង៥៣.៧% ខណៈដែលផលិតផលកសិកម្មមានទំហំ ៦៣៤លានដុល្លារ ធ្លាក់ចុះ១១.៩% និងសូឡា មានទំហំ១៩៣លានដុល្លារ ធ្លាក់ចុះ៣៤.៧%។
តាមរបាយការណ៍នេះ សម្រាប់ការនាំចេញទំនិញ (ដកមាស) ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នៅតែបន្តសម្រេចបានកំណើនល្អ បើធៀបនឹងកាលពីខែមករា។ ជាក់ស្តែងការនាំចេញក្នុងខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបាន២ ០១៨ លានដុល្លារ កើនឡើង២.៦%។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ទីផ្សារអាមេរិក អាស៊ាន និងអឺរ៉ុប បានរួមចំណែកធំក្នុងទីផ្សារនាំចេញសរុប របស់កម្ពុជាក្នុងខែកុម្ភៈ ពោល គឺទីផ្សារអាមេរិកមានចំណែក ៣៣% អាស៊ាន ២៧% អឺរ៉ុប ១៤% ខណៈអង់គ្លេស បានរួមចំណែក ១២% និងចិនចំនួន ៥%។
ដោយឡែក ការនាំចូលទំនិញក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៤នេះ សម្រេចបានទំហំប្រមាណជាង ៤ ១៣៥លានដុល្លារ កើនឡើង១៦.១%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣៕