(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិធីតាមដាន និងវាយតម្លៃសមិទ្ធកម្មដល់មន្ត្រីរាជការពាក់ព័ន្ធនឹងការចំណាយថវិកា ក្រោមអធិបតីភាពលោក សុង តុងហាប់ រដ្ឋលេខាធិការ និងជាតំណាងលករដ្ឋមន្ត្រី សុខ សូកេន នៅទីស្ដីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៅរដ្ឋបាលកណ្តាលក្រសួងទេសចរណ៍សរុបជាង១៦០នាក់។

លោក សុង តុងហាប់ បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនាព្រឹកនេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងសំខាន់ក្នុងការចែករំលែកចំណេះដឹងជាមូលដ្ឋានអំពី៖
* ការរៀបចំរបាយការណ៍សមិទ្ធកម្ម ដែលជាមូលដ្ឋានគ្រឹះនៃកសាងភាពជឿទុកចិត្តនៃការប្រើប្រាស់ថវិកាជាតិ ឆ្ពោះទៅការកសាងគណនេយ្យភាពផ្អែកលើសមិទ្ធកម្មពេញលេញ
* យល់ដឹងពីសារៈសំខាន់នៃការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ដែលជាយន្តការតម្រង់ទិសនៃការប្រើប្រាស់ថវិកាឱ្យសមស្របនឹងផែនការយុទ្ធសាស្រ្តជាតិរបស់ស្ថាប័ន
* ការបង្កើតចំនួនអង្គភាពថវិកា និងការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនអង្កភាពថវិកា ដែលជាយន្តការគ្រប់គ្រងការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

លោក សុង តុងហាប់ បានបន្តថា បច្ចុប្បន្ននេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលបានឈានចូលដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយរបស់ខ្លួន និងបានអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ «ការកសាងគណនេយ្យភាពសមិទ្ធកម្ម» ដោយផ្តោតសំខាន់ទៅលើការគ្រប់គ្រង និងវាយតម្លៃលទ្ធផលនិងសមិទ្ធផល
ហើយក្រសួង ស្ថាប័នដែលចូលអនុវត្តថវិកាសមិទ្ធកម្មពេញលេញ ត្រូវរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មជា៣កម្រិត៖
១៖ កិច្ចព្រមព្រៀងសមិទ្ធកម្មរវាងក្រសួងស្ថាប័ន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
២៖ រវាងប្រធានក្រសួង-ស្ថាប័ន និងប្រធានកម្មវិធីរបស់ក្រសួង ស្ថាប័នសាមី
៣៖ រវាងប្រធានកម្មវិធី និងប្រធានអង្គភាពថវិការបស់ក្រសួង ស្ថាប័នសាមី។

ការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មនេះ គឺជាកត្តាគន្លឹះក្នុងការលើកកំពស់ការទទួលខុសត្រូវ និងគណនេយ្យភាពចំពោះលទ្ធផល ដែលក្រសួង ស្ថាប័នត្រូវតែសម្រេចឱ្យបានក្នុងឆ្នាំអនុវត្ត។ ដូចនេះ លោករដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធយកចំណេះដឹងដែលទទួលបាន រៀបចំផែនការសកម្មភាព ដោយបន្សីសកម្មភាពចាស់ដែល មានស្រាប់និងផែនការសកម្មភាពថ្មីឱ្យស្រប នឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួង បង្កើន៥ និងអភិវឌ្ឌ្ឍ៣ BUILD + 3Ds សម្រាប់ឆ្នាំ២០២៤នេះ។

លើសពីនេះ ត្រូវត្រៀមរៀបចំផែនការយុទ្ធសា្រស្តថវិកាសម្រាប់ឆ្នាំ២០២៥- ២០២៧ របស់ក្រសួងទេសចរណ៍ដោយរៀបចំកែសម្រួលរចនាសម្ព័ន្ធកម្មវិធីឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្ត បង្កើន៥ និងអភិវឌ្ឍ៣ (BUILD + ៣Ds) ដើម្បីរៀបចំកសាងកម្មវិធី អនុកម្មវីធី និងចង្កោមសកម្មភាពឱ្យបានល្អ និងរៀបចំកំណត់សួចនាករ និងគោលដៅសួចនាករឱ្យបានច្បាស់លាស អាចវាស់វែងបាន និងទុកចិត្តបានដើម្បីឈានដល់ការរៀបចំរបាយការណ៍ថវិកាសមិទ្ធកម្មឱ្យបានល្អប្រសើរ ខណៈដែលក្រសួងទេសចរណ៍នឹងចូលរួមបង្កើតអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញនៅឆ្នាំ២០២៦ និងចូលរួមអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មនៅឆ្នាំ២០២៧៕