(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ២ភូមិ ក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង បានថ្លែងអំណរគុណលោកអភិបាលស្រុក ដែលបានជួយឧបត្ថម្ភប្រេងចំនួន៤កាន ដើម្បីចាក់ម៉ាស៊ីនបូមទឹកស្រោចស្រពស្រូវ ប្រាំងរបស់ពួកគាត់ដែលជិតដល់ ពេលប្រមូលផលហើយតែខ្វះខាតទឹកស្រោចស្រពគេលើកចុងក្រោយ។

លោក ផង់ មឹប តំណាងឲ្យប្រជាពលរដ្ឋទាំង២ភូមិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ឲ្យដឹងថា ស្រូវប្រាំងពួកគាត់ទាំងពីរភូមិខាងលើនេះគឺមានភូមិល្វារ និងភូមិតាឡាត់ ស្ថិតក្នុងឃុំស្វាយរំពារស្រុកកំពង់លែង ដែលមានស្រូវស្រែរបស់ប្រជាកសិករសរុបជា២៨០ហិកតា ក្នុងចំណោមស្រូវប្រាំងទាំង២៨០ហិកតា មានខ្លះនៅសល់តែប៉ុន្មានជាកន្លះខែទៀត នឹងបានប្រមូលផល ឯស្រូវមួយចំនួនទៀត នៅប្រមាណជាមួយខែទៀតក៏ត្រូវប្រមូលផលផងដែរ។

លោកបានបន្តឲ្យដឹងទៀតថា កន្លងមកនៅតំបន់នេះស្រូវរបស់ប្រជាពលរដ្ឋក៏មានការខ្វះខាតទឹករយៈពេលជាច្រើនខែមកដែរ តែប្រជាពលរដ្ឋបានដោះស្រាយប្រេង និងមធ្យោបាយបូមទឹកដោយខ្លួនឯង ដោះ ស្រាយទៅតាមម្ចាស់ស្រែនីមួយៗ តែរយៈពេលពីកន្លះខែទៅមួយខែទៅមុខទៀតមុននឹងប្រមូលផលប្រជាពលរដ្ឋមានការខ្វះខាតថវិកា ដើម្បីដោះស្រាយប្រេងបន្តបូមទឹកបញ្ចូលស្រែជាលើកចុងក្រោយ ទើបពួកគាត់បានស្នើសុំទៅរកអភិបាលស្រុកឲ្យជួយដោះស្រាយហើយលោកអភិបាលស្រុកក៏បានអញ្ជើញចុះមកពិនិត្យស្រូវស្រែរបស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយប្រេងចំនួន៤កាន ហើយលោកនឹងបន្តជួយជាបន្តបន្ទាប់ទៀតផងដែរ។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែមីនាថា បច្ចុប្បន្នអាជ្ញាធរស្រុក បានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតទឹកស្រោចស្រពនៅគ្រប់មូលដ្ឋានទូទាំងស្រុក ជាលទ្ធផលក្រុមការងារបានជួយសង្គ្រោះស្រូវប្រាំងប្រជាព លរដ្ឋក្នុងស្រុកកំពង់លែង បានរាប់ពាន់ហិកតាជាបន្តបន្ទាប់ ចំណែកស្រូវប្រជាពលរដ្ឋ នៅចំណុចឃុំស្វាយរំពារខាងលើនេះលោកនឹងខិតខំធ្វើយ៉ាងណាជួយសង្គ្រោះ ដោយផ្ដល់ជាប្រេងជូនប្រជាពលរដ្ឋរហូតដល់ពួកគាត់បានទទួលផល៕