(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ HA IL-Soo នាយកអង្គការ Korea Foundation for International Healthcare (KOFIH) បានបញ្ជាក់ជំហរដ៏រឹងមាំក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រួងសុខាភិបាល ដើម្បីជួយលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា។

លោកសាស្ត្រាចារ្យ HA IL-Soo ក៏បានបញ្ជាក់បន្ថែមទៀតថា នឹងពង្រឹកកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការពង្រឹងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គម្រោងពង្រឹងការគ្រប់គ្រងជំងឺឆ្លង និងការឆ្លើយតបបន្ទាន់តាមតំបន់ព្រំដែន នៅភាគពាយ័ព្យកម្ពុជា ព្រមទាំងការពង្រីងវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល តាមរយៈជំនួយបណ្តុះបណ្តាលធនធានមនុស្ស ក្រោមកម្មវិធីអាហារូបករណ៍ Dr LEE Jong-wook (LJWFP) និងគម្រោងលើកកម្ពស់គុណភាពការថែទាំបន្ទាន់ សម្រាប់គម្រោងថែទាំសម្ភព និងរោគស្ដ្រី និងការសង្គ្រោះទារកទើបនឹងកើត នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា (EmONC) រួមទាំង ការពង្រឹងសេវាថែទាំសុខភាព នៃអន្តរាគមន៍ដំបូង និងស្តារនីតិសម្បទាសម្រាប់ជនមានពិការភាពនៅប្រទេសកម្ពុជា ផងដែរ។

ក្នុងឳកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនុវការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការជាដៃគូជាមួយអង្គការ KOFIH ចាប់តាំងពីឆ្នាំ២០១១កន្លងមក និងបានគូសបញ្ជាក់ថា គម្រោងរបស់ KOFIH ពិតជាបានគាំទ្រ និងជួយចំកន្លែងដែលមានតម្រូវការ មានលក្ខណៈច្បាស់លាស់ និងនិរន្តរភាព ក្នុងគោលដៅបម្រើផលប្រយោជន៍សុខុមាលភាពរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងគុណភាពសេវាសុខាភិបាល។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសសើរ និងលើកទឹកចិត្តឱ្យអង្គការ KOFIH ពង្រីកវិសាលភាពនៃគម្រោង ដែលកំពុងអនុវត្តទៅកាន់បណ្តាខេត្តមួយចំនួនទៀត ព្រមទាំងបង្កើតគម្រោងបន្ថែម ជាពិសេសផ្នែកការថែទាំទារកទើបនឹងកើត ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណភាពទារក និងកុមារនៅកម្ពុជា។

លើសពីនោះលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើ KOFIH បន្តគាំទ្រការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រង មន្ទីរពេទ្យសាកលវិទ្យាល័យ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធអគារផ្នែកសម្ពព និងកុមារ និងប្រព័ន្ធបញ្ជូន ព្រមទាំងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕