(ហាណូយ)៖ គ្រោះមហន្តរាយធម្មជាតិ បានធ្វើឱ្យវៀតណាម ខាតបង់ថវិកាជាង ១ពាន់លាន ដុល្លារអាមេរិក ជារៀងរាល់ឆ្នំា ខណៈមនុស្សស្លាប់ គិតជាមធ្យមជាង ៥០០នាក់។ នេះបើយោង តាមរបាយការណ៍ នាយកដ្ឋានធារាសាស្ត្រ នៃក្រសួងកសិកម្ម និង អភិវឌ្ឈជនបទវៀតណាម ដែលត្រូវបានដកស្រង់ ដោយសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែ កញ្ញានេះ។
ការអះអាងរបស់លោក Tran Quang Hoai ប្រធាននាយកដ្ឋានខាងលើនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយស្ដីពី បញ្ហាបម្រែបម្រួលអាកាសធាតុនៅក្នុង ប្រទេសវៀតណាមរៀបចំ ឡើងដោយអង្គការសហប្រជាជាតិ។ យោងតាមក្រុមមន្រ្តីវៀតណាម ប្រជាជនវៀតណាម យ៉ាងហោចណាស់ ៥០០នាក់ បានស្លាប់បាត់ជីវិត ឬក៏បាត់ខ្លួន ដោយសារគ្រោះមហន្តរាយ ធម្មជាតិជារៀងរាល់ឆ្នំា។ ក៏ប៉ុន្តែចំនួននេះ បានធ្លាក់ចុះមកនៅត្រឹម ២២៣ នាក់ ក្នុងរយៈពេល៥ឆ្នំា ចុងក្រោយនេះ។
សូមបញ្ជាក់ជូនថា បើយោងតាមអង្គការសហប្រជាជាតិ ប្រជាជនវៀតណាមជាង ៧០% កំពុងទទួលរងផលប៉ះពាល់ ពីគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និង ជាពិសេសគឺគ្រោះរាំងស្ងួត ដែលបណ្តាលឲ្យទឹកប្រៃហូរចូល នៅតំបន់ភាគខាងត្បូង ដែលបាន និងកំពុងបំផ្លាញផលដំណាំ និងរំខាន់ការរស់នៅ របស់ប្រជាជនវៀតណាមយ៉ាងខ្លាំង៕