(ភ្នំពេញ)៖ លោកបណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិកផ្សារ វីនសូ បានអំពាវនាវ និងលើកទឹកចិត្ត ដល់កម្មករនិយោជិត គួរចំណាយពេលវេលាចូលរួមវគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍ជំនាញរបស់ខ្លួន ដើម្បីត្រៀមខ្លួនឈានទៅរកការអនុវត្តឧស្សាហកម្ម៤.០ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបណ្ឌិត តាន់ មុនីវណ្ណ អំពាវនាវបែបនេះ ធ្វើឡើងនៅកិច្ចពិភាក្សាលើប្រធានបទ៖ «ទំនាក់ទំនងរវាងទ្រឹស្តីនៃការធ្វើជំនួញ និងការអនុវត្ត» របស់បណ្តាញព័ត៌មាន Fresh News។
លោកបណ្ឌិត តាន់ មុនីវណ្ណ សង្កេតឃើញថា សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ប្រសិនបើជំរុញទៅធ្វើទំនើបកម្មផ្នែកភាវូពាណិជ្ជកម្មឧស្សាហកម្មកាត់ដេរ គឺមិនទាន់អាចទៅរួចនោះទេ ដោយសារតែចំណេះដឹងពួកគេនៅមានកម្រិត។
លោកបន្តថា ស្របពេលដែលរាជរដ្ឋាភិបាល ក្នុងអាណិត្តនេះ បានជំរុញការបណ្តុះបណ្តាលកម្លាំងជំនាញរហូត ១.៥លាននាក់ ដើម្បីឱ្យពួកគេមានជំនាញមួយច្បាស់លាស់ សម្រាប់បង្កើនផលិតភាពការងារ លោកអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ត្រូវហ៊ានចំណាយពេលវេលា និងដាក់ចិត្តដាក់កាយចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីជំរុញឱ្យខ្លួនឯងក្លាយជាមនុស្សម្នាក់ដែលមានជំនាញពិតប្រាកដ ពោលគឺប្រជាពលរដ្ឋ ឬកម្មករនិយោជិត ត្រូវតែត្រៀមខ្លួនបំលែងខ្លួនពីអ្នកគ្មានជំនាញ ទៅអ្នកមានជំនាញ សម្រាប់ការអនុវត្តឧស្សាហកម្ម៤.០ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបន្ថែមថា «ប្រទេសកម្ពុជាគួរតែធ្វើពិពិធកម្មខ្លួន ដើម្បីស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដែលគិតថានៅឆ្នាំ២០២៧ យើងចាកចេញពីប្រទេសដែលស្ថិតក្រោមបន្ទាត់ក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យម គឺយើងត្រូវជំរុញទៅឧហ្សាកម្ម ៤.០ឱ្យបាន។ ឥឡូវនេះបើយើងជំរុញការអនុវត្តឧហ្សាកម្ម៤.០ ទាំងរដ្ឋាភិបាល ទាំងក្រសួងក៏មានការបារម្ភ ថាយើងរុញទៅអត់បានទេ យើងត្រូវការមនុស្សមានជំនាញសិន ហេតុនេះបានជារដ្ឋាភិបាល ក្រោមដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត គឺជំរុញការអភិវឌ្ឍន៍ជំនាញនេះឯង»៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោកបណ្ឌិត តាន់ មុនីវណ្ណ៖