(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងក្រុមការងារចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីសេវាប្រៃសណីយ៍ ជូនលោកអភិបាលខេត្ត និងការិយាល័យ/អង្គភាពពាក់ព័ន្ធ នៃសាលាខេត្តស្វាយរៀង។
ជំនួបនេះដែរ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក ថេន សំវិសុទ្ធ បានជម្រាបជូនសេវាប្រៃសណីយ៍ (ប្រមូល បញ្ជូន ចែក លិខិតនិងកញ្ចប់បញ្ញើ) ទាំងក្នុង និងក្រៅប្រទេស សេវាចែកដល់គោលដៅចុងក្រោយជូនស្ថាប័ន ក្រសួង មន្ទីរ ក្រុមហ៊ុន ធនាគារ និងសេវាបញ្ជូនលិខិតវិលជុំរបស់តុលាការ។ ថ្មីៗនេះប្រៃសណីយ៍កម្ពុជា ក៏បានសហការជាមួយសាលារដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តមួយចំនួន ដើម្បីផ្តល់សេវាចែកចាយលិខិត ឬឯកសារសម្រេច ជូនប្រជាពលរដ្ឋដែលមកទទួលយកសេវាសាធារណៈពីអង្គភាពច្រកចេញចូលដល់ទីលំនៅ ដើម្បីជួយសម្រាលបន្ទុកនិងពេលវេលារបស់គាត់។
លោកបន្តថា ការផ្តល់សេវានេះជូនប្រជាពលរដ្ឋ គឺជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋ ឲ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកអគ្គនាយកប្រៃសណីយ៍ បានស្នើសុំឲ្យមានការគាំទ្រពីលោកអភិបាលខេត្ត ដើម្បីធ្វើឲ្យកិច្ចសហការរវាងប្រៃសណីយ៍កម្ពុជា ជាមួយសាលាខេត្ត ជាពិសេសអង្គភាពច្រកចេញចូលតែមួយ របស់សាលារដ្ឋបាលខេត្តស្វាយរៀង ឲ្យមានភាពរលូនល្អ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងនូវការគាំទ្រចំពោះសេវាកម្មប្រែសណីយ៍ ដែលមានបំណងរៀបចំសេវាកម្មនេះ ឡេីងនៅខេត្តស្វាយរៀង ទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ជាពិសេសការឯកភាពជាគោលការណ៍ ក្នុងការដាក់ឲ្យមានសេវាប្រៃសណីយ៍ នៅតាមអង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្តស្វាយរៀង ដោយឈរលើគោលការណ៍ជាសេវាជម្រើសសម្រាប់ប្រជាពលរដ្ឋ និងដោយស្ម័គ្រចិត្ត ហើយអនុញ្ញាតឲ្យប្រៃសណីយ៍កម្ពុជា ចុះអនុស្សារណៈយោគយល់ជាមួយសាលាខេត្តស្វាយរៀង នៅពេលខាងមុខនេះផងដែរ៕