(កំពង់ឆ្នាំង)៖ ទីតាំងដាក់ម៉ាស៊ីនកិនកម្ទេចឈើ ខ្នាតធំខុសច្បាប់១កន្លែង ដែលមានលាក់ទុកកូនឈើរាប់រយម៉ែត្រគូប និងកម្ទេចឈើកិនរួចរាប់រយតោននៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវរកឃើញ នៅវេលាម៉ោ១៣៖០០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ និងកំពុងអនុវត្តនីតិវិធីដើម្បីបញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំបង្ក្រាបករណីនេះ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចការពារធនធានធម្មជាតិតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តមួយក្រុមមានកម្លាំង១៣នាក់ មធ្យោបាយរថយន្ត៣គ្រឿង ដោយមានកិច្ចសម្របសម្រួល និងដឹកនាំដោយផ្ទាល់ពីលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការស្រាវជ្រាវ រុករកឃើញទីតាំងដាក់ម៉ាស៊ីនកិនកម្ទេចឈើដ៏ទំនើប២គ្រឿងខុសច្បាប់ នៅក្នុងទីតាំងក្រុមហ៊ុន (ហ្គ្រីនរីសត) ស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុ សនៅវេលាម៉ោង១៣៖០០នាទី រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា បានបន្តថា នៅក្នុងទីតាំងខាងលើនេះសមត្ថកិច្ចបានរកឃើញម៉ាស៊ីនកិនដើមឈើឱ្យទៅជាកម្ទេចឈើ ដ៏ទំនើបខ្នាតធំ២គ្រឿង និងគំនរកម្ទេចឈើកិនរួចរាប់រយតោន ចំនួន៣កន្លែង និងគ្រឿងចក្រសម្រាប់ចាប់លើកដើមឈើចូលម៉ាស៊ីនកិនចំនួន២គ្រឿង រថយន្តធុនធំសម្រាប់ដឹកកម្ទេចឈើលាក់ទុកក្នុងព្រៃ ១គ្រឿង និងគ្រឿងបន្លាស់គ្រឿងចក្រកិនកកម្ទេចឈើមួយចំនួនទៀត។

លោកបានបញ្ជាក់ថា នៅក្នុងពេលប្រតិបត្តិការនៅលើទីតាំងខាងលើនេះ កម្មករ និងម្ចាស់ក្រុមហ៊ុនបានចាក់សោទ្វារចេញចូលក្នុងទីតាំងក្រុមហ៊ុន រួចបាននាំគ្នារត់គេចខ្លួនអស់។

ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានឱ្យដឹងថា សកម្មភាពដាក់ម៉ាស៊ីនទំនើប កិនកម្ទេចឈើខុសច្បាប់នេះកើតមានតាំងពីខែកក្កដា ឆ្នាំ២០២៣ មានរយៈពេល ៩ខែហើយ ពុំមានអ្នកណាដឹងឡើយ។ ដោយឡែក កាលពីសៀលថ្ងៃទី២៧ ខែមីនា សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានតាមចាប់ឃាត់រថយន្តធន់ធំមួយគ្រឿងដឹកកម្ទេចឈើកិនរួចខាងលើនេះប្រមាណ ២៨តោន មានគោលដៅដឹកទៅកាន់ខេត្តកំពត ដែលសមត្ថកិច្ចឃាត់ចាប់បាននៅចំណុចឃុំឈូកស ស្រុកកំពង់ត្រឡាច។ ដោយអនុវត្តតាមការបញ្ជារបស់លោកព្រះរាជអាជ្ញាខេត្ត សមត្ថកិច្ចបានប្រគល់រថយន្តនេះជូនផ្នែករដ្ឋបាលព្រៃឈើ កំពង់ត្រឡាច រក្សាទុកកដើម្បីសាងសំណុំរឿងតាមនីតិវិធី។

បន្ទាប់មកនៅថ្ងៃទី២៨ ទើបសមត្ថកិច្ចបើកប្រតិបត្តិការរុករកស្រាវជ្រាវរហូតឈានមករកឃើញទីតាំងលាក់ទុកម៉ាស៊ីនទំនើបកិនកម្ទេចឈើនៅក្នុងទីតាំងខាងលើនេះ។

លោកមេភូមិក្រាំងស្គារត្បូង ដែលបានសហការជាមួយសមត្ថកិច្ចក្នុងពេលគ្រប់គ្រងទីតាំងខុសច្បាប់ខាងលើនេះ បានឱ្យដឹងថា ដីក្រុមហ៊ុនហ្គី្រនរីសត នេះមានទំហំជាង ៨០០ហិកតា ក្នុងពេលមានសកម្មភាពខុសច្បាប់ មួយរយៈចុងក្រោយនេះគឺម្ចាស់ក្រុមហ៊ុនបានបិទទ្វារច្រកចេញចូលក្នុងទីតាំងក្រុមហ៊ុនរហូតមកមិនឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញចូលលេងកម្សាន្ត និងសម្រាកលំហែកាយដូចឆ្នាំមុនៗឡើយ។

ជុំវិញករណីខាងលើនេះដែរ លោក កែវ វ៉ាន់ន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅក្នុងពេលដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យមើលទីតាំងខុ សច្បាប់ខាងលើនេះនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបងខេត្ត លោកក៏បានចុះមកពិនិត្យដល់ទីតាំងខាងលើនេះជាក់ស្តែងផងដែរ តែដោយពេលវេលាយប់ទៅហើយមិនអាចចាត់ការទាន់ ដូច្នេះលោកបានប្រគល់សម្ភារ ទាំងអស់នេះ ឱ្យសមត្ថកិច្ចនគរបាលនៅយាមការពារមួយយប់សិន លុះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ លោកនឹងរៀបចំក្រុមការងារចម្រុះថ្នាក់ខេត្តមួយក្រុមដែលមានសមត្ថកិច្ចជំនាញសមត្ថកិច្ចនគរបាលខេត្ត នគរបាលប៉ុស្តិ៍ នគរបាលស្រុក អាជ្ញាធរភូមិឃុំ ស្រុក ខេត្ត និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចុះមកពិនិត្យសម្ភារៈ គ្រឿងចក្រលើទីតាំងខាងលើនេះម្តងទៀត បន្ទាប់មកលោកនឹងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាដើម្បីចាត់ការបន្តផងដែរ៕