(កំពង់ធំ)៖ ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៨ នៃស្រុកតាំងគោក និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក តំណាងរាជរដ្ឋាភិបាលបានណែនាំទិសដៅការងារចម្បងៗ៦ចំណុច ដើម្បីក្លាយជាសេនាធិការរបស់រដ្ឋាភិបាលក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលាស្រុកតាំងគោក ខេត្ដកំពង់ធំ ក្រោមអធិបតីភាពលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក ដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៃឃុំទាំង៨នៃស្រុកតាំងគោក មន្រ្ដីរាជការ និងកងកម្លាំងប្រដាប់អាវុធប្រមាណ៣៦៥នាក់។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានរាយការណ៍អំពីស្ថានភាពរបស់ស្រុកតាំងគោក និងសមិទ្ធផលសម្រេចបានលើការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ, ការងារបង្កបង្កើនផល, ការងារគ្រប់គ្រងកាកសំណល់រឹង, ការងារពាក់ព័ន្ធកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋដើម្បីក្ដាប់សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ, និងការចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ជាមួយគ្នានេះ, រដ្ឋបាលស្រុកតាំងគោកមានក្រុមប្រឹក្សាសរុប១៩រូប និងមានគណៈអភិបាល៧រូប អភិបាល១រូប អភិបាលរងក្រុងចំនួន៦រូប។ រដ្ឋបាលស្រុកតាំងគោលមានការិយាល័យចំណុះរដ្ឋបាលក្រុង១៣ មានមន្ត្រីរាជការសរុប៥៩នាក់ មានអង្គភាពជុំវិញស្រុក កងកំលាំងទាំងបីគឺ អធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក និងផ្នែកសឹករងស្រុក មានកម្លាំងសរុប១១០នាក់។

លោក ឈាង វណ្ណារិទ្ធ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការផ្ដល់ទំនុកចិត្ដខ្ពស់ពីសំណាក់លោក វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដកំពង់ធំ បានចាត់តាំងឱ្យមានរៀបចំក្រុមការងារចុះមូលដ្ឋានរបស់រាជរដ្ឋាភិបាលស្រុកតាំងគោក និងឃុំទាំង៨នៃស្រុកតាំងគោក ដើម្បីជួយដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក ឈាង វណ្ណារិទ្ធ បានលើកទិសដៅការងារចម្បងៗ ជាអាទិ៍៖

១៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ភូមិ ឃុំទាំងអស់នៃស្រុកតាំងគោក ត្រូវសហការគ្នា និងធ្វើការជាមួយគ្នាប្រកបដោយឆន្ទៈខ្ពស់, ការទទួលខុសត្រូវ និងមានភាពម្ចាស់ការ

២៖ ជំរុញក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមជាពិសេសបញ្ហាដីធ្លីប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពជាម្ចាស់

៣៖ ជំរុញឱ្យរដ្ឋបាលស្រុក ឃុំ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវផ្ដល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព, គុណភាព និងប្រកបដោយបរិយាបន្ន

៤៖ ជំរុញឱ្យរដ្ឋបាលស្រុក ឃុំ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីបន្ដដោះស្រាយភាពអសកម្ម ដូចជា ចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង ទំនាស់ដីធ្លី បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

៥៖ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន

៦៖ ជំរុញការកៀរគរថវិកា និងជំនួយបច្ចេកទេសពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងសប្បុរសជននានា។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការក៏បានណែនាំអំពីយន្ដការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង៨នៃស្រុកតាំងគោក ត្រូវអនុលោមតាមសេចក្ដីណែនាំលេខ ០៤ សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល។

លោកក៏បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវតែសហការគ្នាជាកម្លាំងមួយក្នុងការកសាងអភិវឌ្ឍស្រុកតាំងគោកនេះឱ្យមានការរីកចម្រើន ចាប់ពីពេលប្រកាសសមាសភាពនេះ ឱ្យមានភាពត្រឹមត្រូវ និងយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់។

គួរបញ្ជាក់ថា សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៨នៃស្រុកតាំងគោក និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោកសរុប៣៥០នាក់៕