(ភ្នំពេញ)៖ លោក ចៅ មករា តំណាងលោក ចៅ តុល នាយករងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំក្រុមការងារចុះសំណេះសំណាល និងចែកអាហារសំរាប់ស្រាយបួសខែ​រ៉ម៉ាឌន ជាង១០០កញ្ចប់ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ដែលរស់នៅសង្កាត់ព្រែកប្រា និងសង្កាត់ច្បារអំពៅទី២ ដែលរស់នៅលើទូក នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងឱកាសជួបសំណេះសំណាលនេះ លោក ចៅ មករា បានពាំនាំការសួរសុខទុក្ខ និងនឹករលឹកជាអនេកពីសំណាក់លោក ចៅ តុល ដែលលោកតែងគិតគូរយកចិត្តទុកដាក់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមគ្រប់រូប និងគ្រប់ទិសទី ពិសេសអំឡុងពេលកំពុងកាន់អំណត់បួសនេះ។ ជាពិសេសនោះលោក ចៅ តុល ក៏បានផ្ដាំផ្ញើដល់បងប្អូនសាសនិកឥស្លាមទាំងអស់ថែទាំសុខភាពឱ្យបានល្អ ថ្វាយបង្គុំ ធ្វើបុណ្យឱ្យបានច្រើនៗផងដែរ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូប ក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហរ ជាមួយនឹងការប្រតិបត្តិតាមគោលការសាសនា បានយ៉ាងពេញលេញដោយគ្មានទោមនស្សនោះឡើយ។

លោកថា រាជរដ្ឋាភិបាលបានផ្ដល់ឱកាសដល់សមាគមមូស្លីមកម្ពុជាទាំងអស់ អាចទទួលយកជំនួយពីសហគមន៍ឥស្លាមបរទេសបាន ក្នុងទិសដៅមនុស្សធម៌សម្បុរសធម៌ និងការអភិវឌ្ឍនានាក្នុងប្រទេសដោយគ្មានបញ្ហានោះទេ។

សូមជម្រាបថា បងប្អូនសាសនិកឥស្លាមគ្រប់ៗរូបគោរពស្រឡាញ់ចំពោះលោក ចៅ តុល និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងមូល ដែលលោកជាថ្នាក់ដឹកនាំដែលមានទឹកចិត្តធំទូលាយ តែងតែជួយខ្នះខ្នែងដល់បងប្អូន មូស្លីមគ្រប់ៗរូបមោនថានៅទីណាទេ ឱ្យតែមានទុក្ខលំបាក លោកនិងក្រុមគ្រួសារនឹងចុះជួយជាមិនខានឡើយ ដែលនេះបានឆក់យកបេះដូងពលរដ្ឋខ្មែរឥស្លាមស្រឡាញ់គាំទ្រលោក ចៅ តុល និងក្រុមគ្រួសារ៕