(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានប្រកាសថា ប្រទេសកម្ពុជា ពេលនេះកំពុងពង្រឹងនីតិរដ្ឋ ដោយឈរលើមូលដ្ឋានឯករាជ្យរបស់ខ្លួន នាគ្រាដែលគណបក្សប្រឆាំង ដាក់ញត្តិទៅកាន់ស្ថានទូតប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងបណ្តាស្ថានទូតសមាជិកអាស៊ាន ដើម្បីស្នើថ្នាក់ដឹកនាំប្រទេសទាំងនោះ មានវិធានការចំពោះរាជរដ្ឋាភិបាលកម្ពុជា។ លោក ផៃ ស៊ីផាន បានចាត់ទុកថា សកម្មភាពគណបក្សសង្រ្គោះជាតិពេលនេះ កំពុងព្យាយាមធ្វើបាត់បង់ឯករាជ្យអធិបតេយ្យភាពរបស់ប្រទេស។
លោក ផៃ ស៊ីផាន បានលើកឡើងថា «អ្វីដែលកម្ពុជាកំពុងធ្វើនេះ គឺយើងពង្រឹងនីតិរដ្ឋ ហើយក្រុមទាំងអស់នោះ (គណបក្សសង្រ្គោះជាតិ) ជាក្រុមដែលមានបែបផែនជាឧទ្ទាម ចង់បំផ្លាញ និងរំលោភ ច្បាប់របស់កម្ពុជាតែប៉ុណ្ណោះ»។ លោកបានបន្ថែមថា «ជាការសោកស្តាយមួយ ប្រកបដោយភាពអាម៉ាស់របស់ គណបក្សសង្រ្គោះជាតិ ដែលមិនមែនត្រឹមតែតំណាងមតិភាគតិចនៅកម្ពុជាទេ គឺតំណាងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះគេកំពុងតែប្រព្រឹត្តិប្រាសចាក ឯករាជ្យភាពរបស់កម្ពុជា ហើយគ្រាន់តែរណបបរទេសប៉ុណ្ណោះ»។
ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងស្របពេលដែល គណបក្សសង្រ្គោះជាតិ បានបើកយុទ្ធនាការដាក់ញត្តិនៅតាមស្ថានទូត នៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីស និងបណ្តាស្ថានទូតប្រទេសអាស៊ាន នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥នេះ។ លោក សុន ឆ័យ បានថ្លែងបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយ នាទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ នៅព្រឹកមិញថា គណបក្សសង្រ្គោះជាតិ បានដាក់ញត្តិជូនស្ថានទូតចំនួន១៥ប្រទេសរួចហើយ នៅថ្ងៃនេះ ដើម្បីស្វែងរកការអន្តរាគមន៍ពីពួកគេ។
ក្នុងញត្តិដែលធ្វើឡើងដោយគណបក្សសង្រ្គោះជាតិ បានរាយការណ៍ទៅកាន់ប្រទេសហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីស និងអាស៊ានថា រាជរដ្ឋាភិបាលកម្ពុជាបានគាបសង្កត់ប្រជាពលរដ្ឋ ហើយប្រើប្រាស់តុលាការដើម្បីចាប់ខ្លួនមន្រ្តីគណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី។
CNRP បានសរសេរថា «យើងខ្ញុំសុំឱ្យ សហប្រធាននៃកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីស រួមទាំងសមាជិកអាស៊ាន និងប្រទេសហត្ថលេខីទាំងអស់ ទទួលខុសត្រូវក្នុងការជំរុញឱ្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ឈប់ការប្រើអំណាច ដោយរំលោភលើកិច្ចព្រមព្រៀងសន្តិភាពនេះជាបន្ទាន់ ហើយសុំកិច្ចប្រជុំអាស៊ានលើកទី២៨ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ថ្ងៃទី៦ដល់៨ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ លើកយកបញ្ហានយោបាយ ដ៏សែនគ្រោះថ្នាក់នៅកម្ពុជា ទៅពិនិត្យ និងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឱ្យការគ្រប់គ្រងឃោរឃៅផ្តាច់ការវិលមកប្រទេសកម្ពុជា សារជាថ្មីទៀត»។
ទោះជាយ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានជឿជាក់ថា ប្រទេសទាំងនោះ នឹងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ហើយគោលការណ៍អាស៊ាន ក៏មិនឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសណាមួយដែរ។ លោកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងក៏ពុំមានឥទ្ធិពលអ្វីសម្រាប់ប្រទេសកម្ពុជាទៀតឡើយ ចាប់តាំងពីកម្ពុជា រៀបចំការបោះឆ្នោត បង្កើតរដ្ឋធម្មនុញ្ញ បង្កើតស្ថាប័នអំណាចទាំងបីរ កាលពីឆ្នាំ១៩៩៣មក។
លោក ផៃ ស៊ីផាន លើកឡើងថា «ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលស្តែងចេញរវាងក្រុមវិវាទកម្ពុជា និងកម្ពុជាទំនាស់គ្នាហ្នឹងបានបញ្ចប់ បន្ទាប់ពីសភាធម្មនុញ្ញបង្កើតមកនៅឆ្នាំ១៩៩៣ នៅពេលនោះកម្ពុជាមានស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្រ និងតុលាការ ដើម្បីទទួលខុសត្រូវក្នុងប្រទេសខ្លួន»៕