(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងស្ថាប័នជាតិនានាជាភ្ញៀវកិត្តិយស។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា អង្គសន្និបាត បានធ្វើការកត់សម្គាល់ដោយការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣ លើសមរភូមិការទូត ដោយផ្ដោតជាចម្បងលើការងារធំៗទាំង៥។

* ការងារទី១៖ គឺការការពារផលប្រយោជន៍ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ដោយក្រសួងបានចូលរួមសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ទទួលបានជោគជ័យក្នុងការនាំ កម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលនេះជាការចូលរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ទំនុកចិត្តវិនិយោគនៅកម្ពុជា។ ចំពោះការជួយសង្រ្គោះពលរដ្ឋខ្មែរនៅបរទេស ដោយមានការសហការជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ ក្រសួងបានផ្ដល់ការគាំទ្រ ជួយសង្រ្គោះ និងសម្របសម្រួលមាតុភូមិនិវត្តន៍ដល់ពលរដ្ឋខ្មែរដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សចំនួន៧.៩៥៣នាក់ ពីប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី។

* ការងារទី២៖ គឺការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនវាងវៃ តបទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយ មានជាអាទិ៍ កម្ពុជាបានសម្រេចដាក់បេក្ខភាពជាអ្នកសង្កេតការណ៍ក្នុងអង្គការសហប្រតិបត្តិការឥស្លាម និងអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងបានសម្រេចដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ផងដែរ។

* ការងារទី៣៖ គឺការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងពិភពលោក មានជាអាទិ៍ កម្ពុជាបានវិវត្តពីប្រទេសដែលលិចលង់ក្នុងភ្នក់ភ្លើងសង្គ្រាម ទៅជាតួអង្គសំខាន់ក្នុងបុព្វហេតុសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៩.២៨១នាក់ ទៅបំពេញបេសកកម្មនៅប្រទេសចំនួន១០ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ នៅលើពិភពលោក និងទី៣ ក្នុងតំបន់អាស៊ាន ក្នុងការចូលរួមបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។

* ការងារទី៤៖ គឺការអនុវត្តការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងកិត្យានុភាពជាតិ។ ជាក់ស្ដែង សៀវភៅកេរដំណែលម្ហូបខ្មែរ - The Taste of Angkor ដែលបានបោះពុម្ព ផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឈ្នះពានរង្វាន់ Best Television Awards in the World ដែលជាពានរង្វាន់ទី៤ បន្ទាប់ពីការឈ្នះពានរង្វាន់ Best Asian Cookbook និង Best Heads of State/Food កាលពីឆ្នាំ២០២១ និង២០២២។

* ការងារទី៥៖ គឺការបន្តការដ្ឋាន កំណែទម្រង់ស្ថាប័ននៅក្នុងក្រសួង។ ក្រសួងបានពង្រឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការគ្រប់គ្រង ធនធានមនុស្ស ការសម្រួលការិយាធិបតេយ្យ និងនិតិវិធីរដ្ឋបាល ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពដែលការណ៍នេះដើរ តួនាទីដ៏ចាំបាច់ក្នុងការលើកកម្ពស់ផលប្រយោជន៍ជាតិ និងកិត្យានុភាពជាតិ។

នៅក្នុងសុន្ទរកថាបើកសន្និបាតនេះ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់អ្នកការទូត និងមន្រ្តីរាជការរបស់ក្រសួង ដែលមានមនសិការស្នេហាជាតិយ៉ាងស្មោះស្ម័គ្រ ខិតខំបំពេញការងារជូនជាតិមាតុភូមិ ហើយតែងតែយកចិត្តទុកដាក់តម្កល់ផលប្រយោជន៍ជាតិជាធំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយមិនខ្លាចភាពនឿយហត់។ ទោះបីជាយ៉ាងនេះក្ដី លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ មានជាអាទិ៍ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ស្ថានភាពឧបទ្វីបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន បញ្ហានៅមជ្ឈិមបូព៌ា ភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រួមទាំងបញ្ហាសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណីដទៃទៀត ដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ ធម្មជាតិ សន្តិសុខស្បៀងនិងថាមពល ជាដើម កំពុងស្ថិតនៅតែជាបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយរួមគ្នា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលនៅមានភាពផុយស្រួយនៅឡើយ ទោះបីត្រូវបានស្ដារឡើងវិញជាបណ្តើរៗក្តី។

ស្ថិតក្នុងបរិបទខាងលើ និងក្នុងគោលដៅបន្តអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយការបរទេស និងការងារការទូតបុរេសកម្ម ឯករាជ្យ ផ្អែកលើច្បាប់ ប្រមុខការទូតកម្ពុជាបានជំរុញឱ្យមន្រ្ដីរាជការក្រសួងទាំងអស់ខិតខំតាមដាន វិភាគ និងវាយតម្លៃសភាពការណ៍តំបន់ និងពិភពលោក ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន សំដៅប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាព និងបង្កើនផលប្រយោជន៍ស្នូលជាអតិបរមាសម្រាប់ជាតិ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថាការងារចាំបាច់ដែលក្រសួងនឹងបន្តធ្វើនោះ គឺការបន្តកសាងសមត្ថភាព វិជ្ជាជីវៈ និងបណ្តុះបណ្តាល ធនធានមនុស្ស ជាពិសេសក្នុង ការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ ដើម្បីឱ្យមន្រ្តីការទូតកាន់តែមានភក្តីភាពចំពោះជាតិ ប្រកបដោយវិជ្ជាជីវៈ និងទទួលបានជំនាញថ្មីៗគ្រប់គ្រាន់ មានភាពប៉ិនប្រសប់ មានសមត្ថភាពខ្ពស់ វៀងវៃ បត់បែន និងក្លាយជាយុទ្ធជនឈានមុខ ក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជន។ ការងារកំណែទម្រង់នេះ គឺជាការអនុវត្តយ៉ាងត្រឹមត្រូវស្របតាម យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបន្តកំណត់យក «មនុស្ស» ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដើម្បី «ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព»

លោកឧបនាយករដ្ឋមន្ត្រី បានរំលេចផងដែរថាការអញ្ជើញបំពេញទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំនៅបរទេសជាច្រើនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីការចាប់បដិសន្ធិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ជាគំរូវីរភាពដ៏ល្អឥតខ្ចោះនៃ «ការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយហត់ ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន» ជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុត នៃយើងទាំងអស់គ្នា។ កិច្ចការទាំងអស់នេះមិនត្រឹមតែលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចតាមរយៈការកៀរគរការវិនិយោគបរទេស ជំនួយបច្ចេកទេស និងប្រភពហិរញ្ញវត្ថុមកដល់កម្ពុជាផងដែរ។

នៅចុងបញ្ចប់នៃពិធីបើកសន្និបាត លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងមួយចំនួន ផងដែរ៕