(ភ្នំពេញ)៖ លោកស្រីកិត្ដិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានជំរុញ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ចូលរួមលើកកម្ពស់ ការចូលរួមរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្ដិបណ្ឌិត អ៉ឹង កន្ថាផាវី អញ្ជើញជាអធិបតីភាពចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ដុះបណ្ដាលឌីជីថល ក្នុងបរិវេណសាលាបឋមសិក្សាអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំពូល រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

លោកស្រីកិត្ដិបណ្ឌិត អ៉ឹង កន្ថាផាវី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជំរុញ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំសាលា លោកគ្រូ-អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ចូលរួមលើកកម្ពស់ ការចូលរួមរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល ជាពិសេសតាមរយៈការគាំទ្រ ដល់ពួកគាត់ឲ្យមកទទួលយកការអប់រំសិក្សា ពីមជ្ឈមណ្ឌលឌីជីថល ដែលដាក់ឲ្យដំណើរការ»

បន្ថែមពីនោះទៀត លោកស្រីកិត្ដិបណ្ឌិត អ៉ឹង កន្ថាផាវី ក៏បានប្រាប់ដល់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធនានា សូមចូលរួមយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា និងធ្វើយ៉ាងណាជួយដលកុមារ ទទួលបាននូវគុណវុឌ្ឍមួយ ដែលស្របតាមបរិវត្តកម្ម ក្នុងយុគសម័យឌីជីថល ដែលបានផ្លាស់ប្តូរអត្ថន័យពីអក្ខរកម្មបែបប្រពៃណី ទៅរកអក្ខរកម្មឌីជីថល (Digital literacy) ដែលជាបំណិនជីវិត (life skill) ដ៏ចាំបាច់សម្រាប់ការសិក្សា ការរស់នៅ និងការបំពេញការងារនៅក្នុងសង្គមសតវត្សទី២១។

ក្រៅពីការផ្ដោតសំខាន់ លើការអប់រំក្នុងប្រព័ន្ធ លោកស្រីកិត្ដិបណ្ឌិត អ៉ឹង កន្ថាផាវី បានសំណូមពរដល់គណៈគ្រប់គ្រង និងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ដល់យុវជនក្រៅសាលា ជាពិសេសយុវជន ដែលបានបាត់បង់ឱកាសសិក្សា ដោយសារកត្តាខ្វះខាតជីវភាព សេដ្ឋកិច្ចគ្រួសារខ្សត់ខ្សោយ និងកត្តាចំណាកស្រុកជាដើម ដោយទាក់ទាញដល់យុវជន ចូលមកទទួលសេវាកម្មបណ្តុះបណ្តាល និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពយ៉ាងសម្បូរបែប ដូចជា៖ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្វែងរកព័ត៌មានការងារ ការប្រឹក្សាអាជីព ការតម្រង់ទិសការសិក្សា កម្មវិធីកុំព្យូទ័រ និងជំនាញផ្សេងៗ -ល-។

ទន្ទឹមគ្នានេះ លោកស្រីកិត្ដិបណ្ឌិត អ៉ឹង កន្ថាផាវី ក៏បានប្រាប់ដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ សូមខិតខំសិក្សារៀនសូត្រ បង្កើនសមត្ថភាព និងកសាងខ្លួនឲ្យក្លាយទៅជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អក្នុងសង្គម ឲ្យស័ក្តិសមជាទំពាំងស្នងឫស្សី ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ហើយចៀសវាងដាច់ខាត នូវរាល់អំពើអសកម្ម និងអំពើអបាយមុខ ដែលនឹងបំផ្លាញខ្លួនឯងផង និងសង្គមជាតិផង៕