(ភ្នំពេញ)៖ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ និងអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំយកអំណោយ និងថវិកាចំនួន៥០ម៉ឺនរៀល របស់សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនលោកយាយអតីតមេទ័ព នៅក្នុងសម័យតស៊ូ តែបច្ចុប្បន្នលោកយាយ ដើររើសអេតចាយ ដើម្បីយកមកចិញ្ចឹមជីវិត និងចៅប្រុសសរសៃប្រសាទម្នាក់។
សូមបញ្ជាក់ថា អតីតមេទ័ពស្រី ដែលកាន់កូនទាហាន១៥០នាក់ ក្នុងសម័យតស៊ូ និងឈរជើងជាមួយលោកឧត្តមសេនីយ៍ ខ្វាន់ សៀម ដែលបច្ចុប្បន្នជាមន្រ្តីយោធាជាន់ខ្ពស់ នៅក្រសួងការពារជាតិ ខាងធ្វើផ្លូវនោះ បាននិងកំពុងជួបការលំបាកយ៉ាងខ្លាំង លើជីវភាពប្រចាំថ្ងៃ រហូតបង្ខំឲ្យស្រ្តីដែលមានវ័យចំណាស់រូបនេះ ប្រកបរបរដើររើសអេតចាយ ដើម្បីបានលុយខ្លះៗ យកទៅចិញ្ចឹមជីវិត មើលព្យាបាលជម្ងឺ ដែលកំពុងរួមរឹតលើរាងកាយ និងត្រូវចិញ្ចឹមចៅប្រុសម្នាក់ដែលកើតរោគសរសៃប្រសាទទៀតផង។
លោកយាយ ស៊ឹម នីន ដែលបច្ចុប្បន្នរស់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមផ្ទះគេនិងដើររើស អេតចាយជារៀងរាល់ថ្ងៃ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ អតីតមេទ័ពរូបនេះ បានរំលឹកថា កាលពីឆ្នាំ១៩៧៧ លោកយាយបានចូលបំរើ កងទ័ពដោយឈរជើងនៅលឹមយ៉ាវ នៅប្រទេសវៀតណាម ជាមួយលោកឧត្តមសេនីយ៍ ខ្វាន់ សៀម។ កាលណោះលោកយាយ ជាមេបញ្ជាការមួយរូបផងដែរ ដោយកាន់ទ័ពស្រីរហូត ១៥០នាក់ឯណោះ ក្រោយមកបានមកបានទៅឈរជើង នៅកំពង់ស្ពឺ រួចទៅឈរជើងបន្តនៅ ខេត្តពោធិ៍សាត់ លាចនិងត្រែងឯខេត្តបាត់ដំបង។ លុះដល់ជំនាន់អ៊ុនតាក់ ចូលមកកម្ពុជា រាជរដ្ឋាភិបាលបានកាត់ទ័ព រំសាយ៧០ភាគរយ ពេលនោះលោកយាយ ក៏តម្រូវឲ្យរំសាយចេញផងដែរ ដោយសារមិនចេះអក្សរ។
ក្រោយមកលោកយាយបាន មករស់នៅក្នុងភូមិសង្កាត់ខាងលើ ប៉ុន្តែក្រោយធ្លាក់ខ្លួនឈឺ ពិការដើរអីមិនកើត ទើបលោកយាយទៅយក លុយធនាគារ ដើម្បីព្យាបាលខ្លួន។ ដោយគ្មានលុយសងធនាគារ ចេះតែជំពាក់លង់ៗទៅ លក់ផ្ទះឲ្យធនាគារតែម្តង ហើយបានមកសុំផ្ទះ អ្នកជិតខាងជ្រកកោនដោយក្មួយស្រីម្ចាស់ផ្ទះ មានចិត្តបុណ្យបានឲ្យលោកយាយស្នាក់អាស្រ័យនៅខាងក្រោមផ្ទះរហូតជាមួយចៅ កូនប្រុស កើតរោគសរសៃប្រសាទម្នាក់ផងដែរ។ ការរស់នៅរបស់លោកយាយ គឺរំពឹងទៅលើរបរដើររើសអេតចាយ បានបន្តិចបន្តួចគ្រាន់ទិញអង្ករ ឬម្ហូប ថ្ងៃខ្លះក៏បាន និងថ្ងៃខ្លះក៏មិនបាន ត្រូវបានក្មួយស្រីម្ចាស់ផ្ទះហុចឲ្យរួចមួយគ្រាៗទៅ ប៉ុន្តែពេលខ្លះក៏ដេកអត់ក៏មានដែរ។
លោកយាយបានបន្តថា លោកយាយចាស់ហើយ ចេះតែឈឺបន្តបន្ទាប់ និងម្យ៉ាងទៀតភ័យខ្លាចស្លាប់ នៅក្រោមផ្ទះគេ ដូច្នេះហើយលោកយាយសំណូមពរ ដល់ថ្នាក់លើមេត្តាជួយដល់ លោកយាយផង ឲ្យបានដី១ដុំត្រឹម៣ម៉ែត្រ៤ជ្រុង ធ្វើខ្ទម១ជ្រកមុននិងស្លាប់៕