(ចិន, ហៃណាន)៖ លោក ហ្វេង ហ្វៃ លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គឺជាមិត្តដែលល្អបំផុត ហើយក៏ជាមិត្តដែលមានទំនាក់ទំនងល្អជាងគេជាមួយខេត្តហៃណាន។
លោក ហ្វេង ហ្វៃ បានគូសបញ្ជាក់បែបនេះ ក្នុងពេលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ លោក ហ្វេង ហ្វៃ បានបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតាំងផ្តល់តម្លៃដល់ទំនាក់ទំនងរវាងកម្ពុជា និងចិន ជាពិសេសទំនាក់ទំនងជាមួយខេត្តហៃណាន។ ក្នុងនោះសម្តេចតេជោ បានអញ្ជើញទៅខេត្តហៃណាន ជាញឹកញាប់។ លោក ហ្វេង ហ្វៃ ប្រកាសស្វាគមន៍ជានិច្ចចំពោះដំណើររបស់សម្តេចតេជោ ទៅកាន់ខេត្តហៃណាន។
ក្នុងជំនួបនេះ លោក ហ្វេង ហ្វៃ បានបង្ហាញការកត់សម្គាល់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងខេត្តហៃណាន។ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា ជាមួយខេត្តហៃណាន របស់ចិន មានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន។
ក្នុងឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា និងចិន។ ក្នុងន័យនេះ លោក ហ្វេង ហ្វៃ បានបង្ហាញក្តីរីករាយដែលកម្ពុជា និងខេត្តហៃណាន មានការហោះហើរត្រង់រហូតដល់៤ជើងក្នុងមួយសប្តាហ៍។
បន្ថែមពីលើនេះ ខេត្តហៃណាន ក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម ហើយបានចូលរួមបណ្តុះបណ្តាលជំនាញកសិកម្មជាច្រើន ដល់កម្ពុជា ព្រោះខេត្តហៃណានមានមជ្ឈមណ្ឌលកសិកម្មត្រូពិច។ ជាមួយគ្នានេះ ខេត្តហៃណាន បានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចនៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការីករាយនៅពេលដែលបានឃើញទំនាក់ទំនងល្អរវាងកម្ពុជា និងចិន។ សម្តេចតេជោ បានបន្តថា សម្តេចបានអញ្ជើញមកកាន់ខេត្តហៃណានច្រើនលើកហើយ ហើយសម្តេចនៅតែរីករាយអញ្ជើញទៅកាន់ហៃណានបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើវិទ្យាស្ថានកសិកម្មត្រូពិចផងដែរ។ ជាពិសេសចាប់អារម្មណ៍លើការកែច្នៃផលិតផល ដូចជាការកែច្នៃជ័រកៅស៊ូ សាប៊ូ ទឹកអប់ មីដែលធ្វើពីសាច់ដូងជាដើម។
សម្តេចតេជោ ហ៊ុន សែន បានអរគុណខេត្តហៃណាន ជាពិសេសវិទ្យាស្ថានកសិកម្មនេះបានបើកមជ្ឈមណ្ឌលកសិកម្មត្រូពិចនៅកម្ពុជា ដែលបានជំរុញកិច្ចសហការលើការស្រាវជ្រាវផ្នែកកសិកម្ម៕