(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន បីគ្រាប់ នៅព្រឹកថ្ងៃចន្ទ នេះ ដើម្បីបង្ហាញពីសមត្ថភាព មីស៊ីល Rodong របស់ខ្លួន ខណៈមេដឹកនំាពិភពលោក កំពុងចូលរួម ក្នុងកិច្ចប្រជុំ G2០ ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុង ហាgចូវ នៃភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការអះអាង របស់យោធាកូរ៉េខាងត្បូង តាមរយៈការចុះផ្សាយរបស់ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ (Yonhap) នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាមយោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលផ្លោង ដែល របបដឹកនាំទីក្រុងព្យុងយ៉ាងបាន បាញ់សាកល្បង នៅម៉ោងប្រមាណជា ១២៖១៤ នាទីថ្ងៃត្រង់ ថ្ងៃចន្ទនេះ ជាប្រភេទមីស៊ីល Rodong រយៈចំងាយមធ្យម ដែលរត់ក្នុងចំងាយ ជាង១,៣០០គីឡូម៉ែត្រ ពោលគឺវាអាចបាញ់ ដល់ទឹកដីជប៉ុនតែម្ដង។ យោធាកូរ៉េខាងត្បូងបានន្ថែមទៀតថា គ្រាប់មីស៊ីល ទំាងបីគ្រាប់នេះ ត្រូវបានបាញ់ពីទីក្រុង Hwangju នៃខេត្ត Hwanghae មុននឹងធា្លក់ចូលក្នុងសមុទ្រជប៉ុន។
គួរបញ្ជាក់ថា គិតចាប់ពីដើមឆ្នំា ២០១៦ មក កូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីល ផ្លោងជាង ២០គ្រាប់រួចមកហើយ។ តួយ៉ាងកាលពីថ្ងៃ ទី២៤ ខែ សីហា ប្រទេសដ៏ឯកោមួយនេះ បានបាញ់មីស៊ីល(SLBM) ចេញនាវាមុជទឹក ដើម្បីជាការតវ៉ាប្រឆំាងនឹង ការធ្វើសមយុទ្ធយោធា រួមគ្នា Ulchi Freedom Guardian រវាង សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង៕