(ភ្នំពេញ)៖ លោក ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារនៃសមាគមតន្ត្រីសំនៀងជនពិការ ចុះសួរសុខទុក្ខ លោក សៅ សាខន អតីតយោធិនមានពិការភាព (អង្គភាពកងវិស្វកម្មកម្ពុជា) ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការជួយអន្តរាគមន៍ដោយផ្ទាល់ពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សូមជម្រាបថាលោក សៅ សាខន បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីយប់ថ្ងៃទី១៩ ខែមីនាកន្លងទៅ (ស្ថានភាពត្រូវសង្គ្រោះបន្ទាន់) មានអាការៈហត់ខ្លាំង។

លោក សៅ សុខន ជាអតីតយោធិនមានពិការចូលនិវត្តន៍ មានទីលំនៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលពីមុនលោកបានទៅបោសសម្អាតគ្រាប់មីននៅខេត្តប៉ៃលិន ហើយក៏រងរបួសដោយគ្រាប់មីនធ្ងន់ធ្ងរដាច់ជើងខាងស្តាំត្រឹមកជើង និងមានកម្ទេចគ្រាប់អំបែងបៀមជាប់រហូតដល់សព្វថ្ងៃ។

ស្ថានភាពជំងឺរបស់លោក គឺក្រិនទងសួត និងក្រិនសួតខាងឆ្វេងធ្ងន់ធ្ងរ។ លោកពិការភាពដោយសារគ្រាប់មីនកាលពីឆ្នាំ១៩៩៦ អំឡុងពេលប្រតិបត្តិការបោសសម្អាតមីន (កងវិស្វកម្មកម្ពុជា) ដើម្បីធ្វើផ្លូវនៅតំបន់ប៉ៃលិន។ គាត់បានចូលបម្រើការងារជាយោធានៅក្នុងឆ្នាំ១៩៨៥។ បច្ចុប្បន្នលោក សៅ សាខន មានអាយុ ៦០ឆ្នាំ លោកមានបញ្ហាផ្លូវដង្ហើមជាប្រចាំដោយសារឥទ្ធិពលរំសេវផ្ទុះគ្រាប់ប៉ះពាល់សួត ហើយបន្តប្រើប្រាស់អុកស៊ីសែនជាជំនួយស្ទើររាល់ថ្ងៃ (នៅផ្ទះ) ព្រមទាំងមានអាការៈឈឺចាប់រាងកាយដោយសារកម្ទេចអំបែងគ្រាប់ដែលនៅជាប់នឹងសាច់យកពុំអស់។

នាឱកាសមកសួរសុខទុក្ខ និងសំណេះសំណាលនៅព្រឹកនេះ លោក ចាប តូ ព្រមទាំងក្រុមការងារ បានលើកទឹកចិត្ត និងនាំមកនូវអំណោយជាថវិកា ៥០ម៉ឺនរៀល ទឹកបរិសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស ទឹកដោះគោឆៅ ២យួរ និងផ្លែឈើមួយកន្ត្រក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនលោកសៅ សាខន និងក្រុមគ្រួសារ។ លោក ចាប តូ លោកស្រី ញ៉ែម មរកត និងក្រុមការងារបានចូលរួមឧបត្ថម្ភ ទឹកសុទ្ធ២កេស និងទឹកផ្លែឈើ២កេស៕