(ចិន, ហៃណាន)៖ មន្ត្រីជាន់ខ្ពស់នៃសភាប្រជាជនចិន បានបង្ហាញជំហរឥតងាករេរបស់ចិន បន្តប្រកៀកស្មាជាមួយកម្ពុជា ជំរុញកិច្ចអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដើម្បីឆ្ពោះទៅរកការរីកចម្រើន នាំប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា-ចិន។
ជំហរដ៏ភក្តីរបស់ចិនគាំទ្រដល់កិច្ចប្រឹងប្រែងលើកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ត្រូវបានប្រកាសឡើងដោយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះលោក ចាវ ឡឺជី បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ លោក ចាវ ឡឺជី បានប្រកាសថា ចិន នៅតែបន្តរក្សាជំហរជួយកម្ពុជា និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយកម្ពុជាក្រោមក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ និងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦ មានដូចជា៖ (១) វិស័យនយោបាយ, (២) វិស័យផលិតកម្ម, (៣) វិស័យកសិកម្ម, (៤) វិស័យថាមពល, (៥) វិស័យសន្តិសុខ និង (៦) ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ និងជួយជំរុញការអភិវឌ្ឍច្រករបៀងមច្ឆា និងអង្ករ។
លោក ចាវ ឡឺជី ក៏បានប្រកាសជំរុញអ្នកវិនិយោគរបស់ចិនមកវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ជាដើម។ លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងសហការជាមួយកម្ពុជាក្នុងការបង្ក្រាបបទល្មើសតាមតាមអនឡាញ។
លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ផងដែរថា ភាគីចិននឹងបន្តយកចិត្តទុកដាក់ពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តមសីហមុនី និងហ្លូងម៉ែ។ លោកបានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន ជាពិសេសកសាងសហគមន៍ជោគវាសនារួម។
ក្នុងឱកាសនោះ ចាវ ឡឺជី បានសម្តែងការអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា។ ជាពិសេសអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានាសប្តាហ៍ក្រោយនេះ។
លោក ចាវ ឡឺជី បានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចាវ ឡឺជី ដែលបាននាំការសួរសុខទុកសម្តេចពីសំណាក់ប្រធានាធិបតី ស៊ី ជិនពីង។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណភាគីចិនដែលតែងតែយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពព្រះមហាក្សត្រកម្ពុជា និងហ្លួងម៉ែ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិនតាំងពីអតីតកាលមក៕