(ចិន, ហៃណាន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើរដ្ឋា​ភិ​បាលជួយគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏មានសារៈ​សំខាន់​នៅកម្ពុជា។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នាទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោក ចាវ ឡឺជី ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោង​ដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា។ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលចិន នឹងគាំទ្រ​គម្រោង​មួយនេះ។

គម្រោងព្រែកជីកហ្វូណន-តេជោ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ហើយគ្រោងនឹងឈានដល់ការចុះកិច្ច​ព្រម​ព្រៀងគាំទ្រផ្នែកថវិកាសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៤នេះ៕