(កណ្តាល)៖ យុវជនម្នាក់​បានស្លាប់​ភ្លាមៗ ​បន្ទាប់ពី ស្ពាយអាគុយមួយគ្រឿង ដើរឆក់ត្រី ហើយភ្លាត់ស្នៀតស្រាប់តែ ឆក់ខ្លួនឯងរហូតស្លាប់ ​នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបឹងតានុលក្រោយ ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តបាននាំគ្នាជិះទូកទៅឆក់ត្រី លុះទៅដល់កន្លែងឆក់ មិត្តភក្តិបានទុកឲ្យជនរងគ្រោះ នៅចាំទូកជាមួយ និងមិត្តភក្តិម្នាក់ទៀត ពេលនោះជនរងគ្រោះស្ពាយអាគុយមានដុំឆក់ និងដងឆក់ ចុះដើរឆក់ត្រីម្នាក់ឯង ខណៈកំពុងតែដើរឆក់នោះ ស្រាប់តែជ្រុលជើងឆក់ខ្លួនឯងស្លាប់តែម្តងទៅ ហើយភ្លាមៗនោះ អ្នកនៅចាំទូកជាមួយគ្នា បានស្ទុះទៅលើករួចបានស្រែកហៅមិត្តភក្តិ ផ្សេងទៀត ឲ្យមកជួយលើកគ្នា រួចដាក់លើទូកយកមកលំនៅដ្ឋាន។

មន្ដ្រីនគរបាលដដែលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ​ អុន ប៊ុនធឿន អាយុ២៤ឆ្នាំ ​មុខរបរកសិកររស់នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យសាកសព លទ្ធផលបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ ឧបករណ៍ឆក់ត្រីពិតប្រាកដមែន៕