(ព្រៃវៃង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការពង្រឹងប្រសិទ្ធិភាពការងារ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងប្រគល់ប័ណ្ណសរសើរ ព្រមទាំងរង្វាន់លើកទឹកចិត្ត ជូនរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង។

លោក សួន សុម៉ាលីន បានលើកឡើងថា លើការងារសន្តិសុខសណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ជារួម រក្សាការពារបានយ៉ាងល្អប្រសើរ ជាពិសេសខេត្ត បានយកចិត្តទុកដាក់អនុវត្ត ជាប់ជាប្រចាំនូវបណ្តាវិធានការនានា ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន។ ជាមួយនោះខេត្ត ក៏បានយកចិត្តទុកដាក់ ក្នុងការចាត់វិធានការទប់ស្កាត់បទល្មើសនានា និងសកម្មភាពអសកម្មមួយចំនួន សំដៅបង្កលក្ខណៈសុខដុមរម្យនាដល់ការរស់នៅ និងការប្រកបមុខរបរ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានល្អ ប្រសើរ។

លោកអភិបាលខេត្ត បន្តថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ ក្រោមការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ជារួមទទួលបានលទ្ធផលល្អប្រសើរ រួមទាំងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងគ្រឿងញៀន បង្ក្រាបក្មេងទំនើង ល្បែងស៊ីសង និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាមួយនោះបានជំរុញនូវការផ្សព្វផ្សាយ និងការៀបចំវេទិការសាធារណៈនៅមូលដ្ឋាន ដើម្បីបង្កើននូវការស្រឡាញ់ជឿទុកចិត្តរបស់ប្រជាពលរដ្ឋ មក លើកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព និងបានស្ម័គ្រចិត្តចូលរួមក្នុងចលនាប្រជាការពារ យាមកាមការពារភូមិ ឃុំ ។

លោកបន្តទៀតថា ទោះបីជាការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ត្រូវបានប្រជាពលរដ្ឋជឿជាក់ និងទុកចិត្ត មកលើការអនុវត្តរបស់សមត្ថកិច្ច និងអាជ្ញាធរ ក៏នៅមានបញ្ហាមួយចំនួនដូចជា ការផ្សព្វផ្សាយមិនទាន់ បានទូលំទូលាយ, ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត និង ការយាមកាមរបស់ក្រុមប្រជាការពារ តាមគោលដៅមិនទាន់បានជាប់ជាប្រចាំ ។

លោកក៏បានណែនាំ អាជ្ញាធរទាំងអស់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាធានាឲ្យបាននូវដំណើរការផ្តល់សេវាសាធារណៈទៅដោយរលូន និងមិនមានកត្តារាំងស្ទះ ដើម្បី ទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំសេវា ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានបង្ខិតសេវាឲ្យកាន់តែកៀកជិតប្រជាពលរដ្ឋ និងនីតិវិធីមានលក្ខណៈសាមញ្ញ តម្លាភាព គណនេយ្យភាព ភាពជឿជាក់ ទុកចិត្តបាន និងគ្មានអំពើពុករលួយ។ ពិសេសខិតខំយកចិត្តទុកដាក់ដោះស្រាយសំណើរ សំណូមពរ និងបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ។

លោកបានប្រាប់ឲ្យត្រូវពង្រឹងប្រសិទ្ធភាពអនុវត្តការងារនៃរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ រចនាសម្ព័ន្ធនៃ រដ្ឋបាលបាលក្រុង ស្រុកទូទាំងខេត្ត ទាំងបុគ្គលិក ទាំងធនធាន ត្រូវបានធ្វើសមាហរណកម្ម ដូចនេះក្រុង ស្រុក និងត្រូវប្រមូលផ្តុំការដឹកនាំគ្រប់វិស័យក្នុងដែនដីរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងឲ្យមានភាព ឆ្លើយតបខ្ពស់ជាងមុន។ ជាមួយនេះ រដ្ឋបាលឃុំ សង្កាត់ ត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងបំពេញការងារ របស់ខ្លួន ជាពិសេសការអនុវត្តការងារតាមទម្រង់ «ការងារនគរបាល និងសហគមន៍» ដែលជាស្នូលនៃចលនា អនុវត្តភូមិឃុំសង្កាត់ មានសុវត្ថិភាព។

សូមបញ្ជាក់ថា លើការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ខេត្តព្រៃវែង ក្នុងចំណោម១១៦ឃុំ- សង្កាត់ ទទួលបានជ័យលាភីលេខ១ ចំនួន៣២ឃុំ លេខ២ ចំនួន៤១ឃុំ-សង្កាត់ លេខ៣ ចំនួន៣៧ឃុំ-សង្កាត់ និងគ្មានចំណាត់ថ្នាក់ ៦ឃុំ-សង្កាត់៕