(រតនគិរី)៖ គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ទ្រិន ឌិនថាច់ ប្រធានយោបាយ យោធភូមិភាគ៥បានអញ្ជើញជួបសម្តែងការគួរសម និងជូនពរលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ជំនួបនេះធ្វើឡើងនៅសាលប្រជុំ VIPសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះ មេបញ្ជាការយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនខេត្តខេត្តរតនគិរី សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឱ្យឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសម្បូររុងរឿងតរៀងទៅ។

ការឆ្លើយតបលោក ញ៉ែម សំអឿន បានថ្លែងអំណរគុណយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម ដែលបានឆ្លៀតពេលដ៏មានតម្លៃអញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ។

លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងកងទ័ពប្រទេសទាំងពីរ ដែលបានធ្វើសហប្រតិបត្តិការល្អជាពិសេសបានបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃប្រទេសយើងទាំងពីរ៕