(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៥ ខែកញ្ញានេះថា ផ្លូវមួយខ្សែដែលរងការខូចខាតជាច្រើនកន្លែង និងធ្វើឲ្យប្រជាជនលំបាក ក្នុងការធ្វើចរាចរណ៍ទៅវិញ ទៅមក ជាពិសេសផ្លូវលំមួយខ្សែនេះ នៅពេលមានមេឃភ្លៀងម្តងៗ វារអិល ដួល តែពេលនេះ រដ្ឋបាលក្រុងប៉ោយប៉ែត និងរដ្ឋបាលសង្កាត់ បានចំណាចកញ្ចប់ថវិការដ្ឋ ដើម្បីជួសជុលផ្លូវនេះ។
លោកអភិបាលក្រុងបានបន្តថា ការជួលជុលផ្លូវនេះ គឺមានវិស្វកម្មតេជោ ហ៊ុន សែន ទទួលជួសជុល ហើយលោកក៏ដឹកនាំក្រុមការងារ សហការគ្នាអាជ្ញាធរក្រុង សង្កាត់ ភូមិ រួមជាមួយកម្លាំងវរការពារព្រំដែន៩១១ ចុះជួសជុលផ្លូវ១ខ្សែ ចាប់ពីចំណុចផ្សារមិត្តភាពរហូតដល់ ភូមិទួលប្រាសាទ មានប្រវែងជាង៧គីឡូម៉ែត្រ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋបានថ្លែងអំណរអរគុណ ដល់ក្រុមការងារ ជាពិសេសកងវិស្វកម្មតេជោ ហ៊ុន សែន តែម្តងដែលបាន ជួសជុលផ្លូវ១ខ្សែ ឲ្យពួកគាត់ងាយស្រួលក្នុងការធ្វើចរាចរណ៍ អាចទៅសិក្សា ទៅផ្សារ ទៅមន្ទីរពេទ្យ បានស្រួលនិងចំណាយពេល វេលាឆាប់រហ័សផងដែរ៕