(កំពង់ឆ្នាំង)៖ ករណីប្រជាពលរដ្ឋជាង៤០គ្រួសារ រស់នៅចំណុចចុងកោះ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ដែលបានរងគ្រោះដោយសារតែទិញដីប៉ះចំម្ចាស់ក្លែងក្លាយនោះនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានទៅចូលរួមស្តាប់ការលើកឡើង នៅក្នុងសន្និសីទកាសែតរបស់ម្ចាស់ដីពិតប្រាកដ គឺលោក លី ផេង។
ម្ចាស់ដីប្រាកដនេះបានប្រកាសថា លោកបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហើយ ដើម្បីជួយរកយុត្តិធម៌ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ដីនៅទីតាំងចុងកោះ កំពុងតែមានទំនាស់ជាមួយភាគីម្ខាងទៀតឈ្មោះ អៀ គុយម៉ុង (ហៅក្តាន់) និងឈ្មោះ សាយ សូ បានលួចលក់ដីទៅឲ្យប្រជាពលរដ្ឋជាង៤០គ្រួសារខាងលើនេះ ដែលតាមការពិតទៅបុគ្គលទាំងនេះគ្រាន់តែតំណាងឈ្មោះ លី ផេង តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋជាង៤០គ្រួសារ ខាងលើនេះម្នាក់ៗ បានចំណាយលុយអស់រលីងពីខ្លួន ដោយអ្នកខ្លះអស់១២០០០ដុល្លារ និងអ្នកខ្លះទៀតអស់ជាង៣ម៉ឺនដុល្លារ ដើម្បីទិញដីដែលមានឈ្មោះ អៀ គុយម៉ុង (ហៅក្ដាន់) ពុះដាក់លក់មានទីតាំងស្ថិតនៅចំណុចចុងកោះ ភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។
នៅក្នុងសន្និសីទកាសែតនាព្រឹកមិញនេះ លោក លីផេង បានបញ្ជាក់ថា «ដីនេះខ្ញុំបានទិញពីឈ្មោះ ជាម ហៃ ដែលឈរនៅក្បែររូបខ្ញុំនេះ តំណាងឲ្យប្រជាពលរដ្ឋ១០គ្រួសារដែលមានទំហំដី៥ហិកតា៧០អារ។ បើ អៀ គុយម៉ុង មានឯកសារគ្រប់គ្រាន់ហើយបានទិញ ដោយស្របច្បាប់ពិតប្រាកដមែន សូមចូលមកដោះស្រាយតាមផ្លូវច្បាប់ និងដើម្បីផ្តល់យុត្តិធម៌ ចំពោះប្រជាពលរដ្ឋរងគ្រោះ ដែលបានទិញដីពីខ្លួន ដោយហេតុថាដីនេះជាដីពិតប្រាកដរបស់ខ្ញុំទេ»។
លោក ជាម ហៃ ជាម្ចាស់ដីដើម បានអះអាងថា លោកពិតជាបានលក់ដីឲ្យទៅ លោក លី ផេង ពិតប្រាកដមែន គឺតែម្នាក់គត់ ចំណែកឈ្មោះ អៀ គុយម៉ុង គ្រាន់តែជាតំណាងរបស់លោកលី ផេង តែប៉ុណ្ណោះ។
លោក ជាម ហៃ និងលោក ជៀម ហាន ជាប្រជាពលរដ្ឋម្ចាស់ដី បានអះអាងថា ផ្ទៃដីសរុបមាន៥ហិកតា៧០អា ដែលមាន១០ម្ចាស់ បានលក់ឲ្យឈ្មោះ លី ផេង មិនមែនលក់អោយឈ្មោះ អៀ គុយម៉ុង (ហៅក្តាន់) នោះទេ។
ឈ្មោះ អៀ គុយម៉ុង គ្រាន់តែជាតំណាងឲ្យឈ្មោះ លីផេង តែប៉ុណ្ណោះ។ លោក ជៀម ហៃ បានបន្តថា ពួកគាត់បានទទួលលុយកក់ពីឈ្មោះ លីផេង លើកទី១ និងលើកទី២ ដោយឡែកលើកទី៣ ឈ្មោះ អៀ គុយម៉ុង ក្នុងនាមជាតំណាងឲ្យឈ្មោះ លី ផេង និងមានឯកសាដឹងឭ ពីអាជ្ញាធរភូមិ-សង្កាត់ត្រឹមត្រូវ។ លោកជាម ហៃ ក៏បានបដិសេធលើឯកសារមួយច្បាប់ បន្ទាប់ពីបានដឹងថា ឈ្មោះ អៀ គុយម៉ុង រំលោភលើសេចក្ដីទុកចិត្ត និងពុះដីជាឡូត៍ៗលក់ដោយមិនប្រាប់ម្ចាស់ដីគឺ ឈ្មោះ លី ផេង។
លោក លី ផេង អះអាងថា លោកបានឲ្យលុយទៅឈ្មោះ សាយ សូ យកទៅកក់ថ្លៃដីហើយឈ្មោះ សាយ សូ បានឲ្យបន្តទៅឈ្មោះ អៀ គុយម៉ុង យកប្រាក់កក់លើកទី៣ ក្នុងនាមតំណាងប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ នៅសាលាសង្កាត់ខ្សាម បន្ទាប់ពីប្រជាពលរដ្ឋអ្នកទិញដី បានប្រតិកម្មរយៈពេល២ថ្ងៃផ្ទួនៗគ្នា លោក អៀ គុយម៉ុង បានធ្វើការអះអាងប្រាប់ប្រជាពលរដ្ឋ និងមានក្រុមអ្នកកាសែតចូលរួមដោយបញ្ជាក់ថា ខ្លួនលោកជាអ្នករងគ្រោះ និងធ្វើការសន្យា៣ចំណុចជូនប្រជាពលរដ្ឋ អ្នកទិញដី រួមមានទី១-សូមប្រជាពលរដ្ឋកុំភ័យ ចាំខ្ញុំឈ្នះក្តី ចង់បានដីវិញក៏បាន ឬយកលុយវិញក៏បាន ទី២-បើប្រជាពលរដ្ឋចង់បានដីភ្លាមៗ នឹងវាស់ដីឲ្យភ្លាមតែនៅកន្លែងផ្សេង ទី៣-កុំភ័យ បើខ្ញុំចាញ់ក្តី ខ្ញុំឲ្យលុយវិញគ្រប់ចំនួន។
ដោយឡែក ប្រជាពលរដ្ឋអះអាងថា ចង់បានលុយវិញភ្លាមៗ ហើយស្នើសុំឲ្យលោក អៀ គុយម៉ុង គោរពតាមកិច្ចសន្យាក្នុងលិខិតទិញលក់។ ដោយឡែកលោក សាយ សូ កន្លងទៅថ្មីៗបានប្រាប់អ្នកកាសែតថា ដីចំណុចខាងលើនេះ ជាដីរបស់គាត់លក់បន្តឲ្យឈ្មោះ អៀ គុយម៉ុង ប៉ុន្តែមិនបានបង្ហាញឯកសារអ្វីនោះទេ។ សូមបញ្ជាក់ទៀតថា លោក អៀ គុយម៉ុង និងលោក សាយ សូ ខណៈប្រជាពលរដ្ឋកំពុងព្រួយបារម្ភ និងមានការជ្រួលច្របល់ខ្លាចបាត់បង់លុយដែលពួកគាត់ ទៅចងការពីធនាគារ និងខ្លះទៀតចងការឯកជន មកទិញដីដើម្បីរស់នៅនោះ ពួកគេទាំង២នាក់ មិនបានមកតវ៉ា ឬអះអាងជាមួយភាគី លោក លីផេង ម្តងណាឡើយ។
សម្រាប់ការទិញដីនេះ ប្រជាពលរដ្ឋខ្លះ បានលក់ទ្រព្យសម្បត្តិ ដែលខំសន្សំជិតពាក់កណ្ដាលជីវិត និងអ្នកខ្លះទៀតខ្ចីលុយចងការពីធនាគារ ទៅទិញដីឡូត៍នៅចំណុចខាងលើក្បាលដី ៥ម៉ែត្រគុណ២៧ម៉ែត្រ តម្លៃ៥២០០ដូល្លារ ដោយមានអាជ្ញាធរភូមិ និងសង្កាត់ ដឹងឮត្រឹមត្រូវផងដែរ តែបែរជាស៊យប៉ះចំម្ចាស់ក្លែងក្លាយទៅវិញ៕