(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំងទី១ ដីឡូត៍តាមបណ្ដោយផ្លូវលេខ១០០៣ សង្កាត់ ច្រាំងចំរោះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅចំណុចទីតាំងទី២ មុខវត្តញាណរង្សី ផ្លូវលេខ៣៥៥ សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងនៅចំណុចទីតាំងទី៣ ផ្ទះលេខ១២ ផ្លូវA2 (បុរីហុងឡេងយី) ភូមិ បឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រកឃើញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន មានទម្ងន់១.៨៩៦ក្រាម ប្រភេទកេតាមីន មានទម្ងន់ ១៨៣.៨២៣,២០ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។

ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាង សំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើ ជនសង្ស័យចំនួន៣នាក់ និងបក្ខពួក ពីបទ «រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងបទ «សម្អាតប្រាក់» ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៧១ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន៕