(ចិន, ហៃណាន)៖ ដូចការគ្រោងទុកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន បានចាប់ផ្តើមបើកជាផ្លូវការហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
ពិធីបើកវេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានាជាច្រើនរូប។
ក្នុងពិធីបើកសន្និសីទដ៏មានសារៈសំខាន់សម្រាប់តំបន់អាស៊ីក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងឡើងថ្លែងសុន្ទរកថាគន្លឹះផងដែរ។
សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែលមិនស្វែងរកប្រាក់ចំណេញ។ បូអាវ បានក្លាយជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់កិច្ចសន្ទនាគ្នា ក្នុងចំណោមថ្នាក់ដឹកនាំរដ្ឋាភិបាលកម្រិតជាតិ ក្នុងរង្វង់ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច រួមទាំងបញ្ញាវន្តនៃបណ្តាប្រទេសនៅទ្វីបអាស៊ី និងទ្វីបដទៃទៀត ដែលធ្វើការសន្ទនាគ្នាអំពីបញ្ហាសំខាន់ៗ ក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូល។
វេទិកាបូអាវសម្រាប់អាស៊ី មានគោលដៅលើកកម្ពស់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដោះដូរ សេដ្ឋកិច្ច កិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងតំបន់អាស៊ី និងរវាងអាស៊ី និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក។
វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានស្នើបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយអតីតប្រធានាធិបតីហ្វីលីពីន លោក Fidel V. Ramos លោក Bob Hawke អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក Morihiro Hosokawa អតីតនាយករដ្ឋមន្ត្រីជប៉ុន។ វេទិកាបូអាវ សម្រាប់អាស៊ី ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០១ និងមានទីស្នាក់ការអចិន្ត្រៃយ៍នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ ចាប់ពីឆ្នាំ២០០២មក វេទិកាបូអាវសម្រាប់អាស៊ី បានរៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងបូអាវ។
វេទិកាបូអាវ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមីនានេះ មានភ្ញៀវកិត្តិយសចូលរួមប្រមាណ ២,០០០នាក់ មកពីប្រទេស និងតំបន់ចំនួន៦០ ហើយអ្នកកាសែត ១,១០០នាក់ មកពី ៤០ប្រទេស និងតំបន់ក៏នឹងចូលរួមផងដែរ៕