(ក្រចេះ)៖ លោក ដួង ពៅ លោកអភិបាលរងខេត្តក្រចេះ បានស្នើឲ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បន្តកិច្ចខិតខំប្រឹងប្រែងបន្តសិក្សាស្រាវជ្រាវរុករកស្ថានីយបុរាណ ដែលពុំទាន់បានចុះបញ្ជីសារពើភណ្ឌ ដែលនៅសេសសល់តាមទីដាច់ស្រយាល និងតាមព្រៃសហគមន៍ក្នុងខេត្តក្រចេះ។

ការជំរុញរបស់លោកអភិបាលរងខេត្តនេះ ធ្វើឡើងនៅក្នុងការប្រារព្ធទិវាវប្បធម៌ជាតិ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ នៅខេត្ដក្រចេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ទិវានេះ ការអញ្ជើញចូលរួមពីមន្ទីរអង្គភាពលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលទិវាវប្បធម៌ជាតិនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីបំផុសស្មារតីស្រឡាញ់លើកស្ទួយ និងចូលរួមអភិរក្សថែរក្សាមរតកវប្បធម៌ជាតិដល់មហាជន ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី។

លោកអភិបាលរង បានជំរុញបន្តសកម្មភាពចុះវាស់វែងគូសគំនូសប្លង់សលាកបត្រកាន់កាប់ តាមទីទួលស្រះត្រពាំង ស្ពាន និងប្រាសាទនានានៅក្នុងខេត្ត ដើម្បីធ្វើប្លង់កម្មសិទ្ធ៖

* បន្តកិច្ចសិក្សាស្រាវជ្រាវរុករកចុះបញ្ជីសារពើភណ្ឌសមុច្ច័យ វត្ថុសិល្បៈបុរាណ នៅក្នុង និងក្រៅឃ្លាំង និងតាមទីវត្តអារាមបន្តកិច្ចសិក្សាស្រាវជ្រាវ រុករកចុះបញ្ជីមរតកសិល្បៈ វប្បធម៌អរូបីជាអាទិ៍ ទំនៀមទំលាប់ប្រពៃណី របាំបុរាណ និងសិល្បៈហត្ថកម្ម
* បន្តកិច្ចពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់បទល្មើសបេតិកភណ្ឌ
និងសូមស្នើឲ្យមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បន្តពង្រឹងកិច្ចសហការ ជាមួយមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ លើការងារចុះកំណត់ព្រំដែន តំបន់ការពារស្ថានីយបុរាណដ្ឋាន ដើម្បីធ្វើប្លង់កម្មសិទ្ធិ ជៀងវាងការទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋដោយកត្តាណាមួយ។

លោក ដួង ពៅ បានលើកឡើងថាសម្បត្តិវប្បធម៌ជាតិដែល កកើតចេញពីការខិតខំប្រឹងប្រែង របស់បុព្វបុរសយើង គឺជាដួងព្រលឹងអត្តសញ្ញាណជាតិជាមរតកប្រកប ដោយសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមជាតិ និងជាមូលដ្ឋានគ្រឹះ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំ ពីសង្គមមួយទៅសង្គមមួយ ពីក្រុមមនុស្សមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ទៅម្នាក់ ឲ្យចេះរួបរួមរស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា នឹងគ្មានការរើសអើង។

គួរបញ្ជាក់ថា ទីតាំងបុរាណដ្ឋានក្នុងខេត្តក្រចេះ ក្នុងចំណោមតំបន់បុរេប្រវត្តិសាស្ត្រសំខាន់ៗ ទូទាំងកម្ពុជាមានប្រាសាទ បុរាណមានរូបរាងចំនួន០១កន្លែង ប្រាសាទសល់តែគ្រឹះ១៧កន្លែង ស្រះបុរាណ៥កន្លែង ទួលប្រាសាទ៧៤កន្លែង ផ្ទះបុរាណ១កន្លែង ព្រះវិហារបុរាណចំណាស់១កន្លែង សារមន្ទីរ១កន្លែង ចេតិយ៍បុរាណ៥កន្លែង និងត្រពាំងបុរាណ៥កន្លែង ហើយចំពោះ បុរាណដ្ឋានដែលផ្ទៀងផ្ទាត់ធ្វើបច្ចុប្បន្ន ភាពតាមបណ្តាស្រុកក្រុងក្នុងខេត្ត ក្រចេះមានចំនួន៩៧ ទីតាំងគិតត្រឹមឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីរាយការណ៍របស់លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ៕