(ភ្នំពេញ)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា បញ្ហាលំហូរការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច នៅតែជាបញ្ហាប្រឈមដ៏ស្រួចស្រាល និងជាឧបសគ្គនាំឱ្យប៉ះពាល់ទៅដល់ការអភិវឌ្ឍសម្បទារបស់កុមារ សម្បទារបស់យុវ ជនយុវតីវ័យក្មេង និងជាបញ្ហាដែលនាំឱ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល។
លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការការសិក្សាស្រាវជ្រាស្តីពី ការបង្ការទប់ស្កាត់ហានិភ័យ ផ្នែកសុខភាពសិក្សាបង្កដោយការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក ក្នុងចំណោមយុវជន និងដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) តំណាងអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន រួមទាំងមានលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងដូនេះថា «បើនិយាយពីការងារបច្ចេកអប់រំ សាលានីមួយៗពិតជាបានធ្វើការងារយ៉ាងសស្រាក់សស្រាំ និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ទទឹមនឹងលទ្ធផលដែរ យើងក៏បានមើលឃើញបញ្ហាជាច្រើនដែលយើងគិតថា ជាបញ្ហាប្រឈមដ៏ស្រួចស្រាល និងជាឧបសគ្គប៉ះពាល់ទៅដល់ការអភិវឌ្ឍសម្បទារបស់កុមារ សម្បទារបស់យុវជនយុវតីរបស់យើង នោះគឺលំហូរ និងការប្រើប្រាស់ចររាចរគ្រឿងញៀន ចររាចរបារីអេឡិចត្រូនិចនេះ»។
លោកស្រីបណ្ឌិត បានបន្ថែមថា ទាក់ទងនឹងបញ្ហាបារីអេឡិចត្រូនិក រាជរដ្ឋាភិបាលបានចាត់ទុកឧបករណ៍បារីអេឡិចត្រូនិកនេះ គឺជាឧបករណ៍មួយដែលអាចយកមកប្រើប្រាស់គ្រឿងញៀនបាន បើទោះបីវាមិនប្រើគ្រឿងញៀន ក៏ប៉ុន្តែសារធាតុដែលប្រើប្រាស់នៅក្នុងឧបករណ៍បារីអេឡិចត្រូនិកនេះ វាបានបំផ្លាញសុខភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសម្បទានទាំង៥ របស់កុមារ យុវជន និងប្រជាជនកម្ពុជា។
លោកស្រី សឿ សុជាតា បានអះអាងថា បើមិនមានការចូលរួមទប់ស្កាត់ពីយើងទាំងអស់គ្នានោះទេ នោះសង្គមជាតិរបស់យើងនឹងអាចជួបការប្រឈមជាច្រើន ដែលទាក់ទងនឹងការប្រឈមសង្គម សណ្តាប់ធ្នាប់ សុវត្ថិភាព លើសពីនេះទៀតក៏បានពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ ជាក់ស្តែងរាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើកិច្ចគាំពារសង្គម ក្នុងការថែរក្សាសុភាពរបស់ប្រជាជន ដែលបានរាំងស្ទះក្នុងអភិវឌ្ឍទៅលើផ្នែកផ្សេងៗទៀតជាច្រើនផងដែរ។
ក្នុងនាមក្រសួងអប់រំ លោកស្រីបណ្ឌិត សឿ សុជាតា ក៏បានស្នើសុំឱ្យមានការបិទទាំងស្រុងការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក តាមអនឡាញ និងរឹតបន្ទឹងការហាមឃាត់ ដើម្បីបង្ការទប់ស្កាត់យុវជនកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក និងបានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ជាពិសេសការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមជាអាទិ៍ ហ្វេសប៊ុក តិកតុក អ៉ីនស្រ្តាក្រាម តេឡេក្រាម ដែលជាប្រភពចម្បងនៃការចែកចាយបារីអេឡិចត្រូនិកដល់កុមារ និងយុវជនវ័យក្មេង។
បើយោងទៅតាមការសិក្សាស្រាវជ្រាវមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុងឆ្នាំ២០២៣ បានបង្ហាញថា ៨២% នៃអ្នកចូលរួមសម្ភាសន៍បានប្រាប់ថា ពួកគេធ្លាប់ឃើញគេជក់បារីអេឡិចត្រូនិក ហើយភាគច្រើនពួកគេឃើញអ្នកជក់បារីអេឡិចត្រូនិកនៅតាមហាងកាហ្វេ/ភោជនីយដ្ឋាន និងសួនសាធារណៈ។ ក្នុងចំណោមអ្នកសម្ភាសន៍ទាំងអស់ មាន៤០%បានឆ្លើយថា មិត្តភក្តិរបស់ពួកគេជាអ្នកជក់បារីអេឡិចត្រូនិកផ្ទាល់ ហើយភាគច្រើននៃមិត្តភក្តិរបស់ពួកគេមានមុខរបរជាសិស្សនិស្សិត។ ទន្ទឹមនោះតាមរយៈចម្លើយផ្តល់សម្ភាសន៍ក៏បានបង្ហាញថា ភាគច្រើនលើសលប់នៃមិត្តភក្តិដែលបានប្រើប្រាស់បារីអេឡិចត្រូនិកមាន អាយុចន្លោះពី១៥ឆ្នាំ ទៅ ២៩ឆ្នាំ ដែលសុទ្ធតែជាយុវជនបន្តវេនអភិវឌ្ឍប្រទេសជាតិ។
គួរបញ្ជាក់ថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងការលូតលាស់រាងកាយរបស់កុមារ។ ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចងចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀតដូចជា ប្រូពីលែនគ្លីកូល (Propylene glycol) និងគ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូងផងដែរ៕