(ភ្នំពេញ)៖ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយសហការី នៅមជ្ឈមមណ្ឌលម៉ានី អគារ The Kampus នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានជ្រើសរើស ស.ស.យ.ក. ដើម្បីជំរុញការផ្សព្វផ្សាយ អំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីព។

លោកបានបានគូសបញ្ជាក់អំពីប្រវត្តិ បេសសកម្ម និងចក្ខុវិស័យ ស.ស.យ.ក. ផងដែរ ដោយអះអាងថា ស.ស.យ.ក. គឺជាអង្គការសមាគមន៍មួយ ដែលបន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ ស.ស.យ.ក. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តបេសសកម្មយ៉ាងខ្ជាប់ខ្ជួនពីយុវជនជំនាន់មុន ដើម្បីចូលរួមក្នុងបុព្វហេតុ ជាតិមាតិភូមិ តាមរយៈការផ្តល់ឱកាសដល់យុវជនគ្រប់ទិសទី មករួមជាកម្លាំងសាមគ្គី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ លោក ហេង សួរ បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយស.ស.យ.ក.នេះ កើតឡើងដោយសារការមើលឃើញពីវិសាលភាពនៃរចនាសម្ព័ន្ធរបស់ស.ស.យ.ក. ដែលមានលក្ខណៈទូលំទូលាយ និងសាយភាយទូទាំងប្រទេស ដែលអាចផ្តល់ជាលទ្ធផលខ្ពស់ក្នុងការជំរុញ ក្នុងការផ្សព្វផ្សាយនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក ស.ស.យ.ក. និងយុវជនទូទៅឲ្យកាន់តែមានសក្តានុពល។

លោករដ្ឋមន្ដ្រី បានចាត់ទុកថា អនុស្សរណៈនេះ នឹងសម្របសម្រួលដល់សមាជិក សមាជិកា ស.ស.យ.ក. យុវជនទូទៅ ក្នុងការចុះឈ្មោះស្វែងរកការងារ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមជម្រាបជូនថា ស.ស.យ.ក. មានគោលដៅចូលរួមចំណែកអភិវឌ្ឍវិស័យការងារ វិជ្ជាជីវៈ និងសេដ្ឋកិច្ចឌីជីថលសម្រាប់អនាគតប្រកបដោយចីរភាព ជាពិសេសមានបំណងចូលរួមគាំទ្រ ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារឲ្យកាន់តែទូលំទូលាយ ដើម្បីធានាថា យុវជនទូទាំងរាជធានី ខេត្ត គ្រប់កម្រិតជំនាញ អាចទទួលបាននូវព័ត៌មានទាក់ទងវិស័យការងារ និងមានឱកាសបានចូលរួមវគ្គបណ្តុះបណ្តាលនានា។

សូមជម្រាបថា អនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងក្នុងគោលបំណង៖

* កិច្ចសហប្រតិបត្តិការនេះ នឹងសហការរៀបចំទីតាំងបង្កើតការិយាល័យអាជីព និងការងារ នៅទីស្នាក់ការរបស់ស.ស.យ.ក. គ្រប់រាធានីខេត្ត ដោយអនុញ្ញាតឲ្យដាក់សញ្ញាសម្គាល់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីតាំងសមស្រប

* ផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក សមាជិកា នៃ ស.ស.យ.ក និងយុវជនទូទៅ ជាពិសេស យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងសម្របសម្រួលក្នុងការចុះឈ្មោះចូលរៀនតាមប្រព័ន្ធឌីជីថលដល់យុវជនជាសមាជិកស.ស.យ.ក. យុវជនទូទៅ និងយុវជន

* សម្របសម្រួលការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីព ជាពិសេសក្រោយទទួលបានការបណ្តុះបណ្តាលជំនាញពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

* ផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារដែលមានតម្រូវការជូនដល់យុវជនដែលជាក្រុមគោលដៅ និងរៀបចំរបាយការណ៍បូកសរុបការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំនៅតាមទីស្នាក់ការ ស.ស.យ.ក. ពាក់ព័ន្ធរួចផ្ញើទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕