(ភ្នំពេញ)៖ ការអូសទាញអ្នកវិនិយោគបរទេសឱ្យវិនិយោគនៅកម្ពុជា គឺជាបំណងដ៏ធំធេងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជន។ គ្រប់ទីកន្លែង គ្រប់ពេលវេលាសម្តេចធិបតី ហ៊ុន ម៉ាណែត មិនខ្លាច មិននឿយណាយនឹងការស្នើសុំឱ្យអ្នកវិនិយោគបរទេសចូលមកវិនិយោគនៅកម្ពុជានោះឡើយ។
នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលជួបគណៈប្រតិភូវិនិយោគរបស់កូរ៉េខាងត្បូងជាច្រើនរូប ដែលសុទ្ធសឹងជាអ្នកវិនិយោគមកពីក្រុមហ៊ុនកម្រិតពិភពលោក និងល្បាញល្បីរបស់កូរ៉េខាងត្បូង ដឹកនាំដោយលោក In-Kyo CHEONG រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group។
សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ជំនួបជាមួយអ្នកវិនិយោគខ្នាតយក្សរបស់កូរ៉េខាងត្បូងនាពេលនេះ គឺជាឱកាសមាស ឱកាសប្រាក់សម្រាប់សម្តេចក្នុងការបញ្ចុះបញ្ចូលឱ្យពួកគេចាប់អារម្មណ៍ដាក់ទុនវិនិយោគនៅកម្ពុជា ឬពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្តេចធិបតី បានប្រឹងប្រែងលើកបង្ហាញនូវទិដ្ឋភាពអំណោយផល បង្ហាញសក្តានុពល ក៏ដូចជាហេតុផលជាច្រើន ដែលអ្នកវិនិយោគកូរ៉េខាងត្បូង គួរដាក់ទុនវិនិយោគ ឬពង្រីកទុនវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូថា តាមរយៈការធានា និងរក្សាបានសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងឆាប់រហ័សប្រកបដោយភាពធន់ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ។ បន្ទាប់ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានស្ដារឡើងវិញប្រកបដោយភាពធន់ ហើយជឿជាក់ថា សេដ្ឋកិច្ចនឹងមានការកើនក្នុងរង្វង់ ៦,៦ ភាគរយនៅក្នុងឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានបញ្ជាក់ជូនដល់គណៈប្រតិភូអំពីគោលនយោបាយក្នុងការទាក់ទាញ ក៏ដូចជាផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីការវិនិយោគនៅកម្ពុជា ក៏ដូចជាការដាក់ចេញគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងសកលលោក។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចអំពីការដាក់ចេញគោលនយោបាយ និងយន្តការបន្ថែមទៀតក្នុងការគាំទ្រ និងដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន តាមរយៈការរៀបចំវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងដាក់ចេញគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership) ជាដើម។
សម្ដេចធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញគោលនយោបាយជាអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែទម្រង់វិស័យអប់រំ កម្មវិធីសិក្សា ការពង្រីកនូវការបណ្តុះបណ្តាល STEM និង STEAM និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។
សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាបន្តបើកចំហចំពោះការវិនិយោគមកពីគ្រប់បណ្តាប្រទេសទាំងអស់ ដោយឈរលើភាពបត់បែន និងភាពជាក់ស្តែងនិយម និងការដាក់ចេញគោលនយោបាយក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលកំពុងធ្វើប្រតិបត្តិអាជីវកម្មនៅកម្ពុជា ដើម្បីរក្សាបរិយាកាសវិនិយោគ ក៏ដូចជារក្សាភាពប្រកួតប្រជែងក្នុងគោលបំណងថែរក្សាវិនិយោគិន ដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជា។
គណៈប្រតិភូរបស់កូរ៉េខាងត្បូង បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ គណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការបំពេញតួនាទីលើឆាកអន្តរជាតិរបស់កម្ពុជាប្រកបដោយភាពជោគជ័យ ដូចជាការធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីឆ្នាំ២០២២។
ប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏បានបង្ហាញបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលបានចូលជាធរមាន។ តាមរយ:កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីររីកចម្រើនគួរឱ្យកត់សម្គាល់។
ប្រធានគណៈប្រតិភូ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួនរួមមាន៖ វិស័យអប់រំ ទេសចរណ៍ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិស័យកសិកម្ម ថាមពល បរិក្ខារអេឡិចត្រូនិក រថយន្ត និងគ្រឿងបង្គុំ សេវាម្ហូបអាហារ និងវិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាទីផ្សារធំមួយរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងទំហំ ២៦,២១លានដុល្លារអាមេរិក ដែលមានកំណើនរហូត ២០៤៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២ លានដុល្លារអាមេរិក។
រីឯរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានទំហំ ៨,៥៣លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ២៨៦,៩ភាគរយ បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ ដែលមានទំហំ ២,២១ លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ដើមឆ្នាំ២០២៤នេះ គម្រោងវិនិយោគរបស់កូរ៉េខាងត្បូងនៅកម្ពុជា មានចំនួន២២៨គម្រោង ជាមួយទុនវិនិយោគជាង ៥ពាន់លានដុល្លារអាមេរិក៕