(រតនគិរី)៖ លោក ផាន់ ភិរុណ ប្រធានក្រុមប្រឹក្សាក្រុងបានលុង និងជាអតីតប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តរតនគិរី នៅវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ បានទទួលមរណភាព​ដោយរោគាពាធ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

តាមក្រុមគ្រួសារសពបានឲ្យដឹងថា លោក ផាន់ ភិរុណ មានជំងឺប្រចាំកាយលើសឈាមជាយូរមកហើយមុនពេលស្លាប់២ថ្ងៃ គាត់ត្អូញត្អែរប្រាប់ក្រុមគ្រួសារថា ចេះតែអស់កម្លាំង ហេវហត់រួចក្រុមគ្រួសារបានបញ្ជូន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី តែអកុសលមិនអាចជួយសង្គោះបានដោយស្ថានភាពធ្ងន់ធ្ងរគាំងបេះដូងស្លាប់តែម្តង។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា គ្រាន់តែដឹងដំណឹងគាត់ឈឺធ្ងន់ចូលសម្រាកនៅពេទ្យនោះ នៅវេលាម៉ោង៣៖២៥នាទីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារថ្នាក់ខេត្តនិងថ្នាក់ក្រុងបានលុង បានចុះសួរសុខទុក្ខព្រមទាំងនាំយកថវិកា៥០ម៉ឺនរៀល និងទឹកដោះគោឆៅ២យួរប្រគល់ ឲ្យក្រុមគ្រួសារដែលកំពុងមើលថែគាត់ តែអកុសលគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។

សូមជម្រាបថា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី  លោក លី វិន្ទ  និង លោក លន់ សុភាពអភិបាលរងខេត្ត និងលោក ងិ ណែល អភិបាលក្រុងបានលុង បានទៅសួរសុខទុក្ខក្រុមគ្រួសារសព មានលំនៅដ្ឋានស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ឪពុក ជីតា ជាទីស្រលាញ់លាគ្នាជារៀងរហូត និងនាំយកថវិកាមួយចំនួនទៅចូលបុណ្យផងដែរ៕