(កំពង់ធំ)៖ លោក លៀង សុភា ប្រធានកាំកុងត្រូលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ សហការជាមួយ មន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់ តាមផ្ទះលក់ទំនិញ ស្ថិតនៅផ្សារស្ទឹងសែន ក្នុងក្រុងស្ទឹងសែន និងផ្សារសាន់គរ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក លៀង សុភា បានឲ្យដឹងថា នៅក្នុងការចុះពិនិត្យរកទំនិញខូចគុណ ភាពនៅក្នុងផ្សារស្ទឹងសែន គឺបានធ្វើតេស្តបឋមទៅលើផលិតផល គ្រឿងសមុទ្រដូចជា បង្គារ មឹក ក្តាម ស្លាបមាន់ ពុំឃើញមានសារធាតុគីមី Formalineទេ ហើយក៏បានធ្វើតេស្តបឋមទៅលើ លត នំបញ្ចុក មី លតធ្វើបង្អែម ហើយបានរកឃើញលត២គីឡូក្រាម មានសារធាតុបូរ៉ាក់ ជាមួយក្រុមការងាររបស់លោកក៏បានធ្វើតេស្ត បឋមទៅសណ្តែកបណ្តុះ មិនមានសារធាតុគីមីទេ។
ចំពោះផ្សារសាន់គរ ត្រូវបានលោក លៀង សុភា អះអាងថា រកឃើញទំនិញខូចគុណភាព ដែលដាក់លក់នៅតាម តូប រួមមានស្ពៃកំប៉ុង ម៉ាក LyLy ៣កំប៉ុង ផលិតនៅប្រទេសចិន ត្រពាំងកំប៉ុង ម៉ាកHeng២កំប៉ុង ផលិតនៅប្រទេសចិន ផ្សិតកំប៉ុងម៉ាកHeng ២កំប៉ុង ផលិតនៅប្រទេសចិន ទឹកសណ្តែក Lactasoy ៤ប្រអប់ ផលិតនៅប្រទេសថៃទឹកដោះគោ ម៉ាកMyboy២កំប៉ុង។
ជាមួយគ្នានោះ លោក លៀង សុភា ក៏បានសំណូមពរ ដល់អាជីវករ ទាំងអស់ សូមកុំខឹងមន្រ្តីរបស់លោក ដែលចុះទៅពិនិត្យ និងដកហូតទំនិញខូចគុណភាពទាំងនោះ ព្រោះថាបើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ ដែលទទួលទាន ហើយខូចសុខភាពនោះ។ លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។
ជាមួយគ្នានោះដែរ មន្ដ្រីកាំកុងត្រូល បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ជាពិសេសនៅពេលរដូវបុណ្យទាន ជិតមកដល់ បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
បន្ថែមពីនេះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់លក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕