(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញជាតំណាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបុណ្យពុទ្ធាភិសេកសម្ពោធសាលាធម្មសភា និងឆ្លងសមិទ្ធផលនានាក្នុងវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ដែលស្ថិតនៅភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងថា ទីវត្តអារាមព្រះពុទ្ធសាសនា មានសារៈសំខាន់ណាស់ក្នុងការរួមចំណែកកសាងប្រទេសជាតិ ហើយក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អប់រំយ៉ាងសំខាន់របស់សង្គមជាតិ។

ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ជាក់ស្ដែងដូចជានៅក្នុងបរិវេណវត្តខេមវ័នបឹងស្នាយនេះ មានសាលារៀន ដូចតាមបណ្ដាវត្តផ្សេងៗទៀតដែរ ជាពិសេសកម្រិតសាលាបឋមសិក្សា ដែលជាថ្នល់បណ្ដុះបណ្ដាល ផ្សាំពូជពីដើមទី ស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺថាការបណ្ដុះបណ្ដាល ត្រូវពង្រឹងគុណភាពពីថ្នាក់បឋមសិក្សាទៅ។

ដូច្នេះតួនាទីរបស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សូមជួយបន្ថែមទៀត លើការគ្រប់គ្រងផ្ដល់ឱវាទ ដល់សាលាបឋមសិក្សាក្នុងទីអារាមនេះ ឲ្យមានដំណើរការល្អ ដោយមានការសហការជាមួយមន្ទីរអប់រំ ក៏ដូចជានាយកសាលា ដើម្បីពង្រឹងគុណភាពសិក្សារបស់ក្មួយៗ ចៅៗ សិស្សានុសិស្ស សម្រាប់ជាគ្រឹះចំណេះដឹងទៅថ្ងៃខាងមុខ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ ព្រះធម្មសាល វង្ស សា វីរៈ ព្រះវិន័យធរគណខេត្ត និងជាព្រះគូ្រចៅអធិការវត្តខេមវ័ន បឹងស្នាយ បានផ្តួចផ្តើមសាងសង់ ឧបដ្ឋានសាលាថ្មី ០១ខ្នង មានទំហំ ៤៥ម៉ែត្រ គុណ ២៨ម៉ែត្រ ដោយសារឧបដ្ឋានសាលាមានសភាពចាស់ទ្រុឌទ្រោម និងដើម្បីផ្តល់ទីកន្លែងធំទូលាយ ជូនដល់ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ធ្វើបុណ្យទានស្របតាមគន្លងព្រះពុទ្ធសាសនា។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ឧបដ្ឋានសាលាថ្មីនេះ បានបើកការដ្ឋានសាងសង់ដោយសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចសង្ឃនាយករងទី២ និងលោក កៅ សុខអាន អភិបាលរងខេត្ត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

ដោយសារបច្ច័យសាងសង់ឧបដ្ឋានសាលានេះ បានមកពីកម្លាំងមហាសាមគ្គីរបស់ថ្នាក់ដឹកនាំពុទ្ធបរិស័ទ និងសប្បុរសជនានា ពិសេសក្នុងនាមរដ្ឋបាល ខេត្តកំពង់ចាម និងប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំបុណ្យកឋិនទានសាមគ្គី នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយទទួលបានបច្ច័យបាន ចំនួន៧៩,៨០០ដុល្លារ សម្រាប់ជួយបញ្ចប់ការសាងសង់ឧបដ្ឋានសាលានេះ។

ក្រៅពីនេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ក្នុងការកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ ដោយចំណាយថវិកាសរុបចំនួន១,១៦៩,៥០១ដុល្លារ៕