(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ប្រជាពលរដ្ឋ៣៤០០០នាក់ ក្នុងខេត្តស្វាយរៀង នឹងមានឱកាសបានចូលរៀននៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង «រៀនមានប្រាក់ខែ»។

អ្វីដែលសំខាន់សម្រាប់បងប្អូនពុកម៉ែ​គឺ​ថា តំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រសហគ្រាសរាប់រយកំពុងត្រូវការបងប្អូនកូនក្មួយចូលធ្វើការតាមចំណេះជំនាញដោយទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង។

ការថ្លែងបែបនេះរបស់លោក ម៉ែន អេង នៅគ្រាដែលលោកតំណាងលោក​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជើញនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ​យុវជន​ សិស្សានុសិស្ស​ មកពីគ្រួសារក្រីក្រ​ និងគ្រួសារងាយរងហានិភ័យ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី១ នៅឃុំត្រពាំងស្តៅ​ ស្រុក​រមាសហែក​ ខេត្តស្វាយរៀង​កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង​ លោកអនុប្រធានមន្ទីរការងារ​ លោក​អភិបាលរងស្រុករមាសហែក​ លោក​​មេឃុំត្រពាំងស្តៅ​ លោក​ប្រធានមជ្ឃមណ្ឌលទីផ្សារការងារ​ សមាសភាពដែលពាក់ព័ន្ធ​ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។ 

លោក មុត ចិន្តា បានថ្លែងអំណរគុណចំពោះពុកម៉ែបងប្អូន​ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលស្តាប់​ និងទទួលយកចំណេះដឹងពីថ្នាក់ដឹកនាំ​ និងក្រុមការងារ​ សម្រាប់កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET 1.5M។

បន្ថែមលើសពីនេះ លោកអភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាគន្លឹះសំខាន់បំផុត ដែលអាចបង្កើនផលិតភាព ការងារ បំពេញក្តីស្រមៃរបស់អ្នកវិនិយោគ និងបង្កើនប្រាក់កម្រៃសម្រាប់និយោជិក កម្មករផងដែរ។ 

លោកបានបញ្ជាក់ថា កម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ផ្តល់ឱកាសដល់យុវជន យុវនារី ដែលបានសិក្សាតិចតួចនៅសាលាចំណេះដឹងទូទៅ ឱ្យមានឱកាសសិក្សារៀនសូត្រ ទាំងជំនាញ បច្ចេកទេស និងជំនាញរស់នៅប្រចាំថ្ងៃផងដែរ ជាពិសេសក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងអាចបន្តការ សិក្សាកម្រិតទី២ បន្តទៀតប្រសិនបើមានបំណងចង់សិក្សាបន្ត។ 

លោក ម៉ែន អេង បានបន្ថែមថា កម្មវិធីនេះជាចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលអាចនាំកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ៕