(ភ្នំពេញ)៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះប្រគល់ផ្ទះទេវតា៣ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹង ក្នុងខេត្តស្វាយរៀង។
លោកស្រី ហ៊ុន ម៉ាណា បានបញ្ជាក់ថា ផ្ទះទេវតាទាំង៣ខ្នងនេះ ជាអំណោយរបស់លោកស្រី ម៉ៅ ចំណាន និងស្វាមី ដោយក្នុងនោះមាន ទី១-ផ្ទះលេខ១៧៣ ប្រគល់ជូនលោកយាយ គង់ ខុន អាយុ៦៩ឆ្នាំ រស់នៅភូមិប្រចន្ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍, ទី២-ផ្ទះលេខ១៧៤ ប្រគល់ជូនយាយ ខឹម វ៉ាត់អាយុ៧០ឆ្នាំ រស់នៅភូមិព្រះបាក់ក ឃុំព្រៃធំ ស្រុកកំពង់រោទិ៍, ទី៣-ផ្ទះលេខ១៧៥ ប្រគល់ជូនអ្នកមីង ហ៊ុល សារ៉ុន អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃរបឹស ឃុំត្នោត ស្រុកកំពង់រោទិ៍។
ក្រៅពីការប្រគល់ផ្ទះ៣ខ្នងនេះ លោកស្រី ហ៊ុន ម៉ាណា ក៏បានចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកតា លោកយាយ ជនពិការ សិស្សានុសិស្ស រួមមានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនផងដែរ។
ជាងនេះទៅទៀត លោកស្រីឲ្យដឹងថា «ការងារមនុស្សធម៌ និងមូលនិធិបាយ័ន នៅតែបន្តជួយទុរគតជន គ្មានទីពឹងពិតប្រាកដ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ»៕