(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា គិតត្រឹមវេលាម៉ោង ១៖៤០នាទីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ អគ្គិភ័យដែលឆាបឆេះរោងចក្រផលិតទឹកផ្លែឈើ យ៉ូស ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ បានរលត់ទាំងស្រុងហើយ។
សេចក្តីរាយការណ៍បានបន្តទៀតថា សម្រាប់ប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យ ដែលមានរយះពេលប្រមាណ១ម៉ោងនេះ កម្លាំងសមត្ថកិច្ច អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុម៧១១ កងពលតូចលេខ៧០ ដោយប្រើរថយន្តពន្លត់អគ្គិភ័យជាង២០គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញជាង១០គ្រឿង និងក្រុម៧១១ មានចំនួន៧គ្រឿងដឹកនាំបញ្ជាដោយលោកគ្រូ Kiyoshi Masai ផ្ទាល់តែម្តង។
សម្រាប់មូលហេតុវិញត្រូវបានក្រុមកម្មករដែលធ្វើការនៅក្នុងរោងចក្រមួយនេះបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ យ៉ាងណាក៏ដោយ ចំពោះទំហំនៃការខូចខាតវិញ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕