(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ឯក Phanurat Lukboon អគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសវនាការរបស់លោកនាអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងថ្លែងអំណរគុណដល់ភាគីថៃ ដែលបានជួយកន្លងមកដល់កម្ពុជា ទាំងការងារបណ្ដុះបណ្ដាល, សហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងទប់ស្កាត់ការនាំគ្រឿងញៀនឆ្លងកាត់។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូនភាគីថៃ អំពីការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពចម្បង។

លោកអះអាងថា រាជរដ្ឋាភិបាលកំណែទម្រង់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដាក់ចេញនូវគោលការណ៍សំខាន់ៗនានា សំដៅធ្វើយ៉ាងណាឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសិទ្ធភាពខ្ពស់ ពិសេសបានកំណត់យកការផ្សព្វផ្សាយអប់រំ ជាវិធីសាស្ដ្រសំខាន់ រួមផ្សំជាមួយវិធានការអនុវត្តច្បាប់ និងការគ្រប់គ្រងសារធាតុគីមីផ្សំ ព្រមទាំងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ដោយឡែក សម្រាប់លោក Phanurat Lukboon អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ក៏បានគូសបញ្ជាក់ថា ស្ថានភាពនៅប្រទេសរបស់ខ្លួនលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក៏មិនខុសពីប្រទេសកម្ពុជាប៉ុន្មាននោះទេ ពោលនៅតែជាបញ្ហាប្រឈមដ៏សំខាន់ ហើយភាគច្រើននៃជនរងគ្រោះ គឺជាយុវវ័យតែម្ដង។

ទាំងឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោក Phanurat Lukboon បានទទួលស្គាល់ដូចគ្នាថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ ពោលគឺជាបញ្ហាប្រឈមសកលតែម្ដង ដែលប្រទេសទាំងអស់ត្រូវតែបន្ដសហការគ្នាដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបណ្ដាញរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ។

ក្នុងន័យនេះ ភាគីកម្ពុជា-ថៃ បានបង្ហាញនូវជំហរយ៉ាងមុតមាំក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើការងារនេះ ដើម្បីផ្លាស់ប្ដូរព័ត៌មានជាមួយគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាបង្ការ និងបង្ក្រាបឲ្យបានទាន់ពេលវេលា៕