(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់សីមាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ព្រះវិហារវត្តមេលំ នៅឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការនិមន្ត និងការអញ្ជើញចូលរួមពីព្រះចៅអធិការវត្តមេលំ ព្រះថេរានុថេរៈ សមាជិកព្រឹទ្ធសភា រដ្ឋសភាប្រចាំមណ្ឌលកំពង់ឆ្នាំង អភិបាលរងខេត្ត សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋជាពុទ្ធសាសនិកជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានកោតសរសើរ និងថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការវត្ត ព្រះថេរានុថេរៈ សប្បុរជន និងពុទ្ធបរិស័ទ ដែលបានចូលរួមចំណែកលះបង់ទាំងកម្លាំងកាយចិត្ត សម្ភារ និងថវិកាចូលរួមចាប់មគ្គផលកសាងសមិទ្ធផលជាបន្តបន្ទាប់នៅក្នុងទីវត្តអារាមនេះ។

លោកណ្ឌិតសភាចារ្យក៏បានជម្រាបជូនអង្គពិធីទាំងមូលអំពីដំណើរវិវត្តន៍របស់ព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរចាប់តាំងពីសម័យមហានគររហូតមកដល់បច្ចុប្បន្ន និងភាពផ្សារភ្ជាប់ដ៏ស្អិតរមួតមិនអាចបំបែកបានរវាងព្រះពុទ្ធសាសនា និងប្រជាជនកម្ពុជាមិនថាស្ថិតនៅក្នុងដំណាក់កាលលំបាកបែបណាឡើយ។

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានបន្តថា ព្រះពុទ្ធសាសនាត្រូវបានលុបបំបាត់រលាយរលត់សូន្យសុងក្នុងរបប ប៉ុល ពត ហើយត្រូវបានសង្គ្រោះ ឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ តាមរយៈការយកចិត្តទុកដាក់ និងគោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបន្តរហូតមកដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំប្រកបដោយសក្តានុភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រះពុទ្ធសាសនាបានរីកលូតលាស់យ៉ាងត្រចះត្រចង់។

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានបន្ថែមថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពបញ្ចូលការអប់រំអំពីព្រះពុទ្ធសាសនា និងផ្នែកសិល្បៈ វប្បធម៌ខ្មែរទាំងរូបី ទាំងអរូបីទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតព្រមទាំងផ្សព្វផ្សាយ និងបញ្ជ្រាបទៅក្នុងក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការលេីកកម្ពស់ការយល់ដឹង និងការជំរុញ តួនាទី ព្រះពុទ្ធសាសនា នៅក្នុងការចូលរួមអប់រំ សីលធម៌គុណធម៌ សុជីវធម៌ និងទម្លាប់គោរពច្បាប់ និងវិន័យដល់សិស្ស និស្សិត និងយុវជនទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ និងការបំផុសគំនិតច្នៃប្រឌិតដេីម្បីចូលរួមលេីកកម្ពស់សង្គមជាតិ។

សូមជម្រាបជូនថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះរួមមានព្រះវិហារវត្តមេលំ ដងទង់មួយគូ ឧបដ្ឋានសាលាមួយខ្នង របង ស្រះទឹក ក្លោងទ្វារ សរុបជាទឹកប្រាក់ប្រមាណជា ៤៦៧,៨៤០ដុល្លារសហរដ្ឋអាមេរិក៕