(កំពត)៖ និស្សិតមកពីវិទ្យាស្ថានពហុបច្ចេកទេស តេជោសែនកំពត និងសិស្សមកពីវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ប្រមាណ២៥០នាក់ បានចូលរួមក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្ដីពី សុខភាពមាតា ទារក និងកុមារ ការថែទាំសុខភាពបឋម និងអាហារូបត្ថម្ភ ពីកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ស្របតាមអនុសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលើកឡើងថា ត្រូវបង្កើនសមត្ថភាព ទេពកោសល្យ, ចំណេះ និងជំនាញ ដល់យុវជន ដើម្បីយុវជនកា្លយជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ដែលនេះជាសកម្មភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណ

ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឆ្លើយតបទៅនឹងប្រសាសន៍ដ៏ថ្លៃថ្លានេះ គ្រឹះស្ថានសិក្សាទាំងរដ្ឋក៏ដូចជាឯកជន បានបង្កើតក្លឹបយុវជន ក្នុងនោះក៏មានក្លឹបយុវជនកាកបាទក្រហមផងដែរ ។ក្នុងឱកាសប្រារព្ធកម្មវិធីកាលពីចុងសប្ដាហ៍ទៅនេះ លោកស្រី មុំ ចន្ទី នាយិការងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញបញ្ជាក់អំពីប្រវត្តិកំណើតនៃកាកបាទក្រហមកម្ពុជា, សារបានឥស្សរជនឆ្នើមថ្នាក់ជាតិ, គោរមងារឥស្សរជនឆ្នើមថ្នាក់ជាតិឆ្លើយតាបមេរោគអេដស៍, គោរមងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ, អំពីសុខភាពមាតា ទារក និងកុមារ ក្រៅពីបង្ហាញពី ស្ថានភាពសុខភាពមាតាទារក និងកុមារនៅកម្ពុជា។

ទន្ទឹមនឹងនោះលោកស្រីបានបញ្ជាក់ពីចំណេះដឹងគន្លឹះទាក់ទងនឹងការថែទាំសុខភាពចំពោះស្ត្រី ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់, មូលហេតុដែលបង្កឱ្យមានជំងឺ ក៏ដូចជាវិធីបង្កាជំងឺនេះផងដែរ ។

ជាមួយគ្នានេះលោកបណ្ឌិត វ៉ា សុភ័ក្ត ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីការថែទាំសុខភាពបឋម ក៏ដូចជាគោលបំណងនៃការថែទាំសុខភាពបឋម អំពីអាហារូបត្ថម្ភ លោកបណ្ឌិតបានបង្ហាញពីសមាសធាតុ អាហារូបត្ថម្ភ ដែលមានអាហារថាមពល អាហារសាងសង់ និងអាហារការពារ។

ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ភ្ជាប់ជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដោយមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា កំពុងប្រតិបត្តិការងារឆ្លើយតបគ្រោះមហន្ដរាយ ជួយសង្គ្រោះជនងាយរងគ្រោះ វិបត្តភ័យនានា ក្នុងន័យជួយឱ្យសហគមន៍មានសុខភាពល្អ។

សូមជម្រាបថាស្របពេលធ្វើសកម្មភាពនៅក្នុងស្រុកទឹកឈូ នៃខេត្តកំពតនេះដែរ ក្រុមការងារបានបន្តសួរសុខទុក្ខ ដោយបាននាំយកបណ្តាំផ្ញើ និងសេចក្តីនឹករលឹកពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះស្រ្តីទើបសម្រាលកូនរួចចំនួន២គ្រួសារ និងគ្រួសាររងគ្រោះដោយសារជំងឺអេដស៍។

គួររម្លឹកថាសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ក៏ដូចក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ កំពុងសកម្មក្នុងការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពទូទៅមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ប្រកបដោយសមធម៌ ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងក្របខណ្ឌទស្សនៈទាន និងស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០/២០៥០ របស់រាជរដ្ឋាភិបាល ចក្ខុវិស័យសុខភាពកម្ពុជាឆ្នាំ២០៣០ ដែលបានកំណត់ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាពល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ឆ្ពោះទៅសម្រេចបាននូវសុខុមាលភាពសង្គម-សេដ្ឋកិច្ច ក៏ដូចជាផែនការសកម្មភាពរបស់ក្រសួងសុខាភិបាល សំដៅបន្តជំរុញវឌ្ឍនភាព ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣០៕