(ភ្នំពេញ)៖ បន្ទាប់ពីដកទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនោះ នៅពេលនេះអ្នកវិនិយោគខ្នាតយក្សរបស់កូរ៉េខាងត្បូងជាង៣០ក្រុមហ៊ុន បាននិងកំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វះស្វែងរកឱកាសវិនិយោគ។
អ្នកវិនិយោគកម្រិតពិភពលោករបស់កូរ៉េខាងត្បូង ដែលកំពុងទស្សនកិច្ចនៅកម្ពុជា ស្វះស្វែងរកឱកាសវិនិយោគនេះ មានដូចជា៖ ក្រុមហ៊ុន Maekyung Media Group, ក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Hyundai Motor, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន CJ Group, ក្រុមហ៊ុន LX International, ក្រុមហ៊ុន Daejoo KC Group, សម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យម KBIZ, ក្រុមហ៊ុន Booyoung Group, ក្រុមហ៊ុន Hanshin Engineering & Construction, ក្រុមហ៊ុន KORINDO Group, ក្រុមហ៊ុន Kolao Group និងសហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេសជាដើម។
ដើម្បីទទួលបានព័ត៌មាននានាពាក់ព័ន្ធការវិនិយោគនៅកម្ពុជា អ្នកវិនិយោគរបស់កូរ៉េខាងត្បូង នឹងចូលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីពាក់ព័ន្ធរបស់កម្ពុជាច្រើនផ្សេងទៀត។
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះ អ្នកវិនិយោគរបស់កូរ៉េខាងត្បូងដែលកំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជានេះ ក៏បានចូលជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលព័ត៌មាននានាពាក់ព័ន្ធគោលនយោបាយស្តីពីការវិនិយោគរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយជាខ្លាំង ហើយបានចាត់ទុកដំណើរទស្សនកិច្ចស្វែងយល់ពីការវិនិយោគរបស់អ្នកវិនិយោគកូរ៉េខាងត្បូងនៅកម្ពុជានាពេលនេះ ជាការវិវឌ្ឍន៍ និងបោះជំហានថ្មីមួយសម្រាប់ស្ថានភាពនៃការវិនិយោគនៅកម្ពុជាក្នុងទស្សនៈរបស់អ្នកវិនិយោគកូរ៉េខាងត្បូង។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «នេះជាលើកទី១ហើយ ក្នុងរយៈពេលដ៏យូរ យូរលង់ណាស់ ដែលយើងទទួលអ្នកវិនិយោគមកពីកូរ៉េក្នុងចំនួនដ៏ច្រើនកុះករ ហើយសុទ្ធតែជាក្រុមហ៊ុនធំៗ។ យើងបាត់គាត់យូរហើយរាប់សិបឆ្នាំ។ ខ្ញុំបាននិយាយជាមួយគាត់ សូមបើកទំព័រថ្មី»។
ក្នុងជំនួបជាមួយអ្នកវិនិយោគកូរ៉េខាងត្បូង លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រឹងប្រែងបញ្ចុះបញ្ចូលអ្នកវិនិយោគទាំងនោះឱ្យសម្លឹងមើលពីសក្តានុពល និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញមូលហេតុចម្បងមួយចំនួន ដែលអ្នកវិនិយោគបរទេសគួរវិនិយោគនៅកម្ពុជា មានដូចជាកម្ពុជា ជាប្រទេសមានសុខសន្តិភាព និងស្ថេរភាព កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង មានគោលនយោបាយគាំពារអ្នកវិនិយោគប្រកបដោយភាពបត់បែន និងមានការគាំទ្រ ការអនុគ្រោះខ្ពស់ពីរាជរដ្ឋាភិបាល អ្នកវិនិយោគបរទេសអាចដាក់ទុនវិនិយោគនៅកម្ពុជា១០០ភាគរយ ការប្រតិបត្តិការសាច់ប្រាក់មិនមានកំណត់រូបិយប័ណ្ណ និងមានទីផ្សារទូលំទូលាយ តាមរយៈយន្តការអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា ជាមួយចិន ជាមួយកូរ៉េខាងត្បូងជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រួលដល់ប្រព័ន្ធដឹងជញ្ជូន រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ, គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ភ្នំពេញ-សៀមរាប សៀមរាប-ប៉ោយប៉ែត ក៏ដូចជាគម្រោងលើកកម្ពស់ផ្លូវដែកជាដើម។ ជាពិសេសគម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់តភ្ជាប់រវាងបណ្តាញទន្លេ ទៅកាន់ដែនសមុទ្ររបស់កម្ពុជាជាដើម។
លោកឧបនាយករដ្ឋមន្ត្រីដែលជាសេនាធិការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចការវិនិយោគ បានបង្ហាញជំនឿចិត្តថា ក្រោយដំណើរទស្សនកិច្ចនេះទៅអ្នកវិនិយោគរបស់កូរ៉េខាងត្បូង ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗនេះ នឹងសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននឹងកំពុងប្រឹងប្រែងយ៉ាងខ្លាំងកៀរគរអ្នកវិនិយោគថ្មីៗបន្ថែមទៀត ចូលមកវិនិយោគនៅកម្ពុជា។ ជាពិសេសចង់ប្រែក្លាយឧស្សាហកម្មទៅជាឧស្សាហកម្មកម្រិតខ្ពស់ ឧស្សាហកម្មផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីលើកកម្ពស់ប្រាក់ឈ្នួលជូនប្រជាពលរដ្ឋកាន់តែខ្ពស់។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញបំណងចង់ឃើញអ្នកវិនិយោគធំៗរបស់កូរ៉េខាងត្បូង ដាក់ទុនវិនិយោគលើផ្នែកអេឡិចត្រូនិក និងយានយន្តជាដើម ដើម្បីទទួលបានផលកម្រៃពីការវិនិយោគកាន់តែខ្ពស់ជួយឱ្យកម្ពុជាឈានទៅសម្រេចផែនការសេដ្ឋកិច្ចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ដើមឆ្នាំ២០២៤នេះ គម្រោងវិនិយោគរបស់កូរ៉េខាងត្បូងនៅកម្ពុជា មានចំនួន២២៨គម្រោង ជាមួយទុនវិនិយោគជាង ៥ពាន់លានដុល្លារអាមេរិក៕