(រតនគិរី)៖ ចៅក្រមសើុបសួរសាលាដំបូងខេត្តរតនគិរី បានចេញដីកាកោះហៅ លោករវសេនីយ៍ឯក ឡុង រុក្ខា នាយប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្ដរជាតិ អូរយ៉ាដាវ ខេត្តរតនគិរីឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ក្នុងករណីអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមក ជីកយករ៉ែដោយខុសច្បាប់។
បើតាមដីកាកោះដែល អង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ការកោះហៅលោកវរសេនីយ៍ឯក ឡុង រុក្ខា ទៅបំភ្លឺនេះគឺជុំវិញករណីជនជាតិវៀតណាម ចូលមកជីកយករ៉ែ ដោយគ្មានអាជ្ញាប័ណ្ណធនធានរ៉ែ នៅចំណុចនិយាមការ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។
ពាក់ព័ន្ធតុលាការចេញដីកាកោះហៅខាងលើនេះ នៅវេលាម៉ោងជាង១ថ្ងៃត្រង់នេះ ភ្នាក់ងារ Fresh News បានទូរស័ព្ទទៅកាន់លោក ឡុង រុក្ខា ដើម្បីសុំការបំភ្លឺហើយត្រូវបានលោកអះអាងថាលោកបានទទួលដីកានោះហើយ ហើយលោកនឹងចូលទៅបំភ្លឺតាមការកំណត់ ដោយលោកបញ្ជាក់ថាតុលាការមិនមែនកោះហៅតែលោកម្នាក់ឯងនោះទេ គឺកោះហៅនគរបាលនៅច្រកទ្វារនេះ៦-៧នាក់ឯណោះ ទៅសាកសួរ។ក្នុងនោះពាក់ព័ន្ធករណីជនជាតិវៀតណាមចូលមកជីករ៉ែនេះ គឺលោកមានឯកសារគ្រប់គ្រាន់តាមផ្លូវច្បាប់។
សូមរំឮកថា នៅថ្ងៃទី០៤ ខែកញ្ញា ម្សិលមិញនេះ មន្រ្តីនគរបាលអន្តោប្រវេសន៍ បានបង្ហើបថា លោកវរសេនីយ៍ឯក ឡុង រុក្ខា ត្រូវបានថ្នាក់លើផ្លាស់ប្តូរតួនាទី ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវនៅខេត្តរតនគិរី ទៅធ្វើជានាយការិយាល័យនីតិកម្ម នៃនាយកដ្ឋានរដ្ឋបាលសរុប ហើយតែងតាំងលោកវរសេនីយ៍ទោ អ៉ី ចំរើន ពីនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងផ្លុង ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២។ បើតាមមន្រ្តីនគរបាលដដែល បានបន្តថា ការផ្លាស់ប្តូរតំណែងរបស់លោក ឡុង រុក្ខា នេះនឹងត្រូវធ្វើឡើងនៅសប្តាហ៍ទី២ក្នុងខែកញ្ញានេះ៕