(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងផ្សព្វផ្សាយ គោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក និងអ្នកស្រីជា ប្រធាន អនុប្រធាន សមាជិក ក្រុមការងារច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយ លុបបំបាត់ជំងឺអេដស៍ឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨ និងក្រុមការងារស្នូលជួយក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែង គោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៥ ស្ថិតនៅបន្ទប់ប្រជុំ ខ។

ជាកិច្ចចាប់ផ្ដើមលោកទេសរដ្ឋមន្ត្រី អៀង មូលី បានមានប្រសាសន៍ស្វាគមន៍ និងបានថ្លែងការកោតសរសើរចំពោះក្រុមការងារបច្ចេកទេសអន្តរក្រសួង និងក្រុមការងារស្នូលជួយក្រុមការងារបច្ចេកទេសអន្តរក្រសួង ដែលបានចូលរួមផ្តល់ធាតុចូលក្នុងការរៀបចំសេចក្តីព្រាង គោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ចាប់ពីចុងឆ្នាំ២០២១ រហូតបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

បន្ទាប់មកលោក ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង បានធ្វើបទបង្ហាញជូនកិច្ចប្រជុំ។ ក្នុងនោះ លោកបានរំឭកពីជោគជ័យ ដែលកម្ពុជាធ្លាប់ទទួលបានក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ដូចជា ការសម្រេចបានគោលដៅ៩០-៩០-៩០ នៅឆ្នាំ២០១៧មុនកាលកំណត់ ការចូលរួមក្នុងសេចក្តីថ្លែងការណ៍ គោលនយោបាយរបស់អង្គការសហប្រជាជាតិ នាខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្នកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស១០ លើគេ ដែលបានជោគជ័យក្នុងការងារអេដស៍។

លោកបានបន្តថា គោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ មានគោលដៅចម្បងចំនួន៧គឺ៖
*ទី១-ពង្រឹងប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យ ចំពោះមេរោគអេដស៍និងជំងឺអេដស៍
*ទី២-ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ
*ទី៣-ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំព្យាបាល
*ទី៤-ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម
*ទី៥-បញ្ចប់ការរើសអើងនិងមាក់ងាយ
*ទី៦-ចលនាធនធាន និង
*ទី៧-ពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធតាមដាននិងវាយតម្លៃ។

នៅក្នុងការចូលរួមមតិរបស់តំណាងអន្តរក្រសួង លោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង បានថ្លែងនូវការកោតសរសើរថា គោលនយោបាយរៀបចំបានល្អតាមលំដាប់លំដោយ។ ទន្ទឹមនឹងនេះ លោកស្រីបានស្នើឱ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័នបញ្ជូនអ្នកជំនាញហិរញ្ញវត្ថុ ដើម្បីមកជជែកគ្នាអំពីការងារអេដស៍ នាពេលខាងមុខ។ ចំណែកឯលោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសមាជិកក្រុមការងារបច្ចេកទេសអន្តរក្រសួង ក៏បានសន្យាជំរុញការផ្សព្វផ្សាយអប់រំបង្ការ ការចម្លងមេរោគអេដស៍តាមទូរស័ព្ទ និងប្រព័ន្ធអេឡិចត្រូនិកឱ្យកាន់តែសកម្មផងដែរ។

មានមតិបូកសរុបមុនពេលបញ្ចប់កិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា យើងបានចំណាយពេលពេញមួយព្រឹកផ្លាស់ប្តូរមតិគ្នា។ នេះជាចំណុចចាប់ផ្តើមនៃការអនុវត្តគោលនយោបាយ។ បន្ទាប់ពីពេលនេះ យើងនឹងរៀបចំវាយតម្លៃលើកម្មវិធីបង្ការការពារ ថាមានប្រសិទ្ធភាព ឬនៅខ្វះចន្លោះ? ហើយគិតគូថាកម្មវិធីណាមានប្រសិទ្ធភាព។ នៅក្នុងការងារបង្ការដែលត្រូវធ្វើឱ្យសម្រេចនូវគោលដៅ៩៥ទី១ យើងមានមុំ៣ចម្បងគឺ ១-ជីវវេជ្ជសាស្រ្ត (ស្រោមអនាម័យ PrEP PEP និងព្យាបាលជាការបង្ការ) ២-ការកែប្រែផ្នត់គំនិត (ការយល់ខុសថាអស់អេដស៍ ការមិនបានទទួលសារពីការចម្លងមេរោគអេដស៍ និងការកុំឱ្យមានការរើសអើង) ៣-ច្បាប់ទម្លាប់ (តើមានច្បាប់ធ្វើឱ្យរាំងស្ទះកម្មវិធីបង្ការដែរឬទេ?)។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បើធ្វើការងារបង្ការបានជោគជ័យទើបកម្ពុជាយើងជោគជ័យបានជាស្ថាពរ។ បើបង្ការមិនបានទេ យើងនៅមានហានិភ័យនៃការផ្ទុះឡើងវិញ។ នៅពេលខាងមុខ យើងនឹងរៀបចំវេទិកាវាយតម្លៃ និងដាក់ចេញកម្មវិធីបង្ការជាក់ស្តែង។ ការងារអេដស៍នៅមិនទាន់អស់ទេ គឺកាន់តែសកម្មជាងមុនទៅទៀត៕