Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការក្រុងភ្នំពេញ គ្រោងប្រកាសសាលក្រម សំណុំរឿង លោក អ៊ុំ សំអាន នៅថ្ងៃ១០តុលា

05-09-2016 13:30

(ភ្នំពេញ)៖ បន្ទាប់ពីជំនុំជម្រះ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៃសំណុំរឿង លោក អ៊ុំ សំអាន មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការអះអាងពីមន្រ្តីតុលាការ។

សំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ។ សវនាការនេះដឹកនាំដោយលោក ហេង សុខណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និង លោក គុជ គឹមឡុង ជាតំណាងអយ្យការ។ លោក អ៊ុំ សំអាន ត្រូវបានតុលាការ ចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និង បទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។

ទោះជាយ៉ាងណា ក្រុមមេធាវីនិងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដើរចេញពីបន្ទប់សវនាការ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីដាក់សំណើឲ្យតុលាការ បញ្ឈប់សវនាការ តែតុលាការមិនយល់ព្រម ។

មេធាវី៣រូប ការពារក្ដីលោក អ៊ុំ សំអាន គឺលោក ហែម សុជាតិ, លោក ជូង ជូងី និង លោក សំ សុគង់ បាននិយាយក្នុងសវនាការថា តុលាការគ្មានសិទ្ធិបើកសវនាការ សំណុំរឿង លោក អ៊ុំ សំអាន នោះទេ ដោយលើកហេតុផល៣ចំណុច។ ទី១៖ លោក អ៊ុ សំអាន មានអភ័យឯកសិទ្ធិសភា ទី២ បណ្ដឹងសុំមោឃភាពនីតិវិធី នៅដំណើរការនៅតុលាការកំពូលនៅឡើយ និង ទី៣ ការបង្ហោះសំឡេង និយាយពីបញ្ហាព្រំដែនពុំមែន ជាបទល្មើសទេ។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន បាន បរាជ័យក្នុងការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នជាបន្តបន្ទាប់ ពោលគឺ តាំងពីដំណាក់កាលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សភាស៊ើបសួរសាលាឧទ្ធរណ៍ និង តុលាការកំពូល៕