(ភ្នំពេញ)៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានថ្លែងថា ការនាំចូលថាមពលអគ្គិសនីពីប្រទេសឡាវ មានគោលដៅធំៗមួយចំនួន។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ ថ្លែងបែបនេះ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ខណៈពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញត្រឡប់ពីទស្សនកិច្ចនៅប្រទេសឡាវ មកដល់រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព។

បើតាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កម្ពុជានៅតែបន្តមានមហិច្ឆតានូវការក្តាប់ឲ្យបាននូវឯករាជ្យភាពផ្នែកថាមពល។ ជាក់ស្តែង ក្នុងគ្រាបច្ចុប្បន្ន កម្ពុជាតាមរយៈការផលិតដោយខ្លួនឯង ផ្គត់ផ្គង់បានប្រហែល ៧៥ភាគរយ នៃបរិមាណអគ្គិសនី ដែលប្រទេសត្រូវការ រីឯ ២៥ភាគរយទៀត ទិញពីឡាវ ពីវៀតណាម និងពីថៃ។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «ការនាំចូលអគ្គិសនីពីឡាវ ដើម្បីគោលដៅ ១៖ នាំចូលអគ្គិសនីថោក ធ្វើឲ្យអគ្គិសនីក្នុងស្រុកចុះថោក និង២៖ ចំណេញបរិស្ថានធម្មជាតិ ដូចជាការមិនធ្វើវារីអគ្គិសនីបន្ថែម»។

ជាមួយគ្នានេះ យោងតាម លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានប្រាប់ Fresh News ថា ការនាំចូលអគ្គិសនីពីក្រៅប្រទេស ក៏ដើម្បីរក្សាលំនឹងស្ថិរភាពជាបណ្តាញ។ ប៉ុន្តែ លោកថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងស្រុកដោយខ្លួនឯងរួចទៅហើយ៕