(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីព័ត៌មានពីការពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានឆ្នាំ២០២៤ វីដេអូអប់រំដែលបានផលិតរួច សម្រាប់ផ្សព្វផ្សាយ សៀវភៅណែនាំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ និងការបោះពុម្ពសៀវភៅច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះជាភាសាអង់គ្លេស។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានសម្រេចដូចខាងក្រោម៖

ទី១៖ ឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធនឹងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ រួមមាន៖

*ប្រតិទិននៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
*សេចក្តីណែនាំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

ទី២៖ ឯកភាពលើរូបភាព និងខ្លឹមសារស្ប៉តវីដេអូអប់រំ ចំនួន ៣ រឿងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ រួមមានដូចខាងក្រោម៖

*ស្ប៉តវីដេអូអប់រំ មានចំណងជើងថា «តើអ្វីជាការបោះឆ្នោតអសកល»
*ស្ប៉តវីដេអូអប់រំ មានចំណងជើងថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា»
*ស្ប៉តវីដេអូអប់រំបែបគំនូរជីវចល មានចំណងជើងថា «ការឃោសនាបោះឆ្នោត»

ទី៣៖ ឯកភាពជាគោលការណ៍លើខ្លឹមសារសៀវភៅណែនាំ គណៈកម្មការការិយាល័យបោះ-ឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

និងទី៤៖ ឯកភាពលើខ្លឹមសារសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ជាភាសាអង់គ្លេស។ សៀវភៅច្បាប់ជាភាសារអង់គ្លេសនេះត្រូវថែមខ្លឹមសារបញ្ជាក់ថា សម្រាប់ប្រើប្រាស់ផ្ទៃក្នុង គ.ជ.ប៕