(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចាត់ទុកថា ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ក៏ដូចជារវាងកម្ពុជា ជាមួយប្រទេសជិតខាង ជាសញ្ញាល្អទោះបីជាប្រើប្រាស់ពេលវេលាយូរក៏ដោយ ហើយការដោះស្រាយបញ្ហាព្រំដែន គឺត្រូវការអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកនយោបាយ ឬអ្នកជាតិនិយមទេ។

ការលើកឡើងរបស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីបង្ហាញលទ្ធផលនៃដំណើរទស្ស​នកិច្ចផ្លូវការរបស់ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសឡាវ រយៈពេល២ថ្ងៃ។

«រឿងរ៉ាវអ្វីខ្ញុំមិនដឹងទេ ប៉ុន្តែបើរឿងព្រំដែនស៊ីពេលយូរ ក្នុងដំណោះស្រាយព្រំដែន ជាមួយឡាវ ឬជាមួយបណ្តាប្រទេសផ្សេងជាសញ្ញាល្អសម្រាប់កម្ពុជា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការរក្សាទឹកដីកម្ពុជាឱ្យនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ មិនមែនជារឿងលេងសើច ហើយមិនអាចក្លាយជារឿងលេងសើច ផ្ទុយទៅវិញវាជាទម្ងន់នៃការទទួលខុសត្រូវក្នុងប្រវត្តិសាស្ត្រ»។ នេះជាការបញ្ជាក់របស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន់។

លោកបានបន្តថា ការណ៍នេះតម្រូវឱ្យភាគីកម្ពុជាត្រូវតែតស៊ូស្វិតស្វាញ ពេលអង្គុយចរចា ឬសម្រេចចិត្តម្តងៗ។ លោកបន្តថា នៅប្រទេសណាក៏ដូចជាប្រទេសណាដែរ ព្រំដែនបង្កប់ទៅដោយកត្តាច្រើនមានជាតិនិយម មាននយោបាយ មានសេដ្ឋកិច្ច មានវប្បធម៌ ជួនកាលមានលក្ខណៈភូមិសាស្ត្រនយោបាយទៅទៀត។

លោកបញ្ជាក់បន្ថែមថា «នៅក្នុងទំនាក់ទំនងអន្តររដ្ឋ ក៏ដូចជានយោបាយផ្ទៃក្នុងប្រទេសណាមួយក៏ដោយ បញ្ហាព្រំដែន នៅក្នុងដំណោះស្រាយបញ្ហាជាក់ស្តែង ព្រំដែនត្រូវការតែអ្នកជំនាញទេ គេអត់ត្រូវការអ្នកជាតិនិយមទេ គេអត់ត្រូវការអ្នកនយោបាយទៅទៀត គេត្រូវការអ្នកជំនាញមុតស្រួច អ្នកជំនាញខាងផែនទី អ្នកជំនាញខាងភូមិសាស្ត្រ»

មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្តថា ការវាស់វែង ការកំណត់ទីតាំងបង្គោល ការកំណត់ចំនួនបង្គោលសុទ្ធតែត្រូវការពេលវេលាយូរ ព្រោះត្រូវការអ្នកជំនាញ មិនដូចអ្នកនយោបាយខ្លះតាំងខ្លួនជាអ្នកជាតិនិយមប្រើពេលតែប៉ុន្មាននាទី និយាយប៉ាតណាប៉ាតណីនោះឡើយ៕