(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវ មានគោលដៅសំខាន់ធំ គឺពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរ។
លោកថ្លែងបែបនេះ សន្និសីទកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ស្តីពីលទ្ធផលទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល២ថ្ងៃ ទៅកាន់ប្រទេសឡាវ
លោកបានលើកឡើងដូច្នេះថា៖ «ទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅឡាវ ក្នុងថ្ងៃទី២៥-២៦មីនានេះ មានគោលដៅមួយសំខាន់ នោះគឺពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងកម្ពុជានិងឡាវ ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរដូចទាំងអស់គ្នាដឹងស្រេចហើយ កំពុងបន្តឈរលើមូលដ្ឋាន នៃអ្វីដែលគេហៅថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសឡាវ នាថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ អំឡុងបំពេញទស្សនកិច្ចនេះ សម្តេចបានជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវផងដែរ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ លើកឡើងថា សម្តេចធិបតី និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីរបស់ឡាវ បានជួបគ្នា៣ដងហើយ ក្នុងតំណែងជានាយករដ្ឋមន្រ្តី។ លោកក៏បានបង្ហាញអំពីលទ្ធផល៦ចំណុច នៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរផងដែរ ដោយក្នុងនោះរួមមាន៖
១៖ វិស័យថាមពលភាគីទាំងពីរ បានហត្ថលេខាលើកិច្ចព្រមព្រាងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលដំណាក់កាលទី២ អមដោយអនុស្សារណៈយោគយល់ចំនួន៤ គោលដៅ គឺបន្តធានាការផ្គត់ផ្គង់ប្រភពថាមពលដល់កម្ពុជា។
២៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ ភាគីទាំងពីរបានពិភាក្សាគ្នាលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការJCBC, ការដាក់ឱ្យដំណើរការឡើងវិញ គណៈកម្មការពាណិជ្ជកម្មចម្រុះ ជាមួយការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមាហរណកម្មសេដ្ឋកិច្ចតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មលើវិស័យសេវាកម្ម ដូចជាសេវាហិរញ្ញវត្ថុ ដឹកទំនិញផ្លូវគោក និងទេសចរណ៍។
៣៖ ការតភ្ជាប់រវាងប្រទេសទាំងពីរ៖ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានស្វាគមន៍ការចាប់ផ្តើមការហោះហើរត្រង់របស់ក្រុមហ៊ុនឡាវអ៊ែរឡាញវៀងច័ន្ទ-ភ្នំពេញ ដែលនឹងចូលរួមចំណែកថែមទៀតដល់កំណើនទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យសំខាន់ៗផ្សេងទៀតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សាលើគម្រោងលំអិត និងគំនិតផ្តួចផ្តើមផ្សេងៗទៀត សម្រាប់តភ្ជាប់ប្រជាជន និងប្រជាជនផងដែរ។
៤៖ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ៖ ភាគីទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន ជាពិសេសការជួបប្រាស្រ័យទាក់ទងរបស់ថ្នាក់ដឹកនាំទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ ជាពិសេសការប្រាស្រ័យទាក់ទង សហការគ្នាទៅលើកិច្ចសហប្រតិបត្តិការយោធាដែលមានស្រាប់ ព្រមទាំងពង្រឹងការទប់ស្កាត់ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស និងគ្រឿងញៀន។
៥៖ កិច្ចការព្រំដែន៖ ប្រទេសទាំងពីរ បានផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានចុះហត្ថលេខាលើកំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័ននេះ។ ជាមួយមូលដ្ឋានច្បាប់ដ៏រឹងមាំនេះ កម្ពុជារំពឹងថា ភាគីទាំងពីរនឹងអនុវត្តន៍បានឆាប់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ។ ជាពិសេសការកំណត់ខ្សែបន្ទាត់ព្រំដែនដើរតាមផ្លូវទឹក និងបណ្តោយព្រំដែនទាំងមូលតាមការឯកភាពគ្នា ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តន៍តាមគោលការណ៍ឧត្តនវានុវត្តន៍អន្តរជាតិដែលមានចែងក្នុងប្រការ២សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវឆ្នាំ២០២៣។
កិច្ចការទី៦ គឺភាគីទាំងពីរ បានពិភាក្សាលើវិធានការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ អប់រំ កីឡា និងកសិកម្មផងដែរ៕