(កំពត)៖ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ អញ្ជើញចែកកញ្ចប់អាហារខែរ៉ាម៉ាឌន របស់សប្បុរសជនប្រទេសសិង្ហបុរី និងប្រទេសគុយវ៉ែត តាមរយៈគ្លីនិក មើត ឌុលសេត ចំនួន២០០គ្រួសារ និងអង្គការអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ ចំនួន១៥០គ្រួសារ ស្ថិតក្នុង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ឆ្លៀតក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាទីនឹករលឹកបំផុត។

លោកបានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យកម្ពុជាបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជាទាំងមូល ហើយលោកក៏សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក ហើយក៏បានជ្រើសតាំងបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តដឹកនាំធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនតទៅមុខទៀត ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះបានថែរក្សាសន្តិភាព ជូនដល់បងប្អូនជនរួមជាតិទាំងអស់។

លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានសុខដុមនីយកម្មសាសនា មានសិទ្ធិគោរពប្រតិបត្តិសាសនា ក៏ដូចជាមានការចូលរួមអភិវឌ្ឍន៍ជាតិ និងសហគមន៍ផងដែរ។ ដូច្នេះក្នុងនាមខ្មែរឥស្លាម ក៏ដូចជាខ្មែរទូទាំងប្រទេស ត្រូវដឹងគុណដល់ថ្នាក់ដឹកនាំរបស់យើង ដែលលោកខំប្រឹងទាំងកម្លាំងកាយទាំងកម្លាំងចិត្តទាំងជីវិត និងប្រាជ្ញា ដើម្បីឲ្យប្រទេសជាតិមួយនេះមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃ។

លោក រ៉ូ ហ្វីអូស្មាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតឲ្យម្ចាស់ជំនួយនានាជុំវិញពិភពលោក បាននាំយកអំណោយចែកជូនខ្មែរឥស្លាមនៅក្នុងខែបួសរ៉ាម៉ាឌននៅពេលខាងមុខ ដូច្នេះហើយក្នុងនាមប្រជាពលរដ្ឋ ត្រូវចូលរួមគាំទ្រដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត៕