(ភ្នំពេញ)៖ ទីតាំងលួចបង្កប់ល្បែងស៉ីសងខុសច្បាប់២កន្លែង ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ចុះបង្ក្រាបដោយឃាត់ខ្លួនមេការ និងអ្នកដែលចូលទៅលេងល្បែង សរុបចំនួន៨នាក់ ព្រមទាំងដកហូតសម្ភារជាច្រើន នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ទីតាំងទី១ យីហោ «ផារ៉ាម៉ោន» ស្ថិតនៅក្នុងបុរីពិភពថ្មីកំបូលII ផ្លូវបេតុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ខណៈនោះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ ដែលកំពុងស្ថិតនៅទីនោះ និងដកហូតយកសម្ភារល្បែងសុីសងខាងលើទាំងអស់ផងដែរ។

ប្រភពព័ត៌មានបញ្ជាក់ថា ទីតាំងខាងលើនោះ គឺជាឃ្លាំងចែកចាយអង្ករ និងភេសជ្ជៈទេ ប៉ុន្តែបានលួចបង្កប់ល្បែងសុីសង ហើយមានមនុស្សចូលទៅលេងរាល់ថ្ងៃ ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភអំពីការកើតឡើងនូវបទល្មើសផ្សេងៗ ដូចជាចោរកម្ម និងគ្រឿងញៀនផងដែរ ហើយដោយសារតែបែបនេះទើបប្រជាពលរដ្ឋលួចរាយការណ៍ជូនឲ្យអាជ្ញាធរបានដឹង។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចខាងលើបានចុះទៅធ្វើការបង្រ្កាប ប៉ុន្តែពេលទៅដល់មិនបានឃើញថៅកែនោះទេ ឃើញតែមនុស្សប្រុសស្រីចំនួន៨នាក់កំពុងស្ថិតនៅទីនោះ។ កម្លាំងក៏បានឃាត់ខ្លួន ក្នុងនោះមានស្រី៥នាក់ និងប្រុស៣នាក់ ព្រមទាំងដកហូតយកសម្ភារល្បែងមានដូចជា ទូហ្គេមបាញ់ត្រីចំនួន៧ និងតុបៀរការ៉ាត់ ចំនួន៨។

ទីតាំងទី២ ស្ថិតនៅផ្ទះលេខ86 ផ្លូវលេខKB03 ស្ថិតនៅក្នុងបុរីពិភពថ្មីកំបូលII ផ្លូវបេតុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទីតាំងមួយនេះលក់ស្រា ប៉ុន្តែបានបង្កប់ល្បែងសុីសងនៅក្នុងនោះ ហើយតាមព័ត៌មានដែលអាជ្ញាធរទទួលបាន គឺមានជនជាតិចិនចូលទៅលេងជាហូរហែរ។

ប្រភពដដែលបានប្រាប់ទៀតថា ប៉ុន្តែសង្ស័យមានអ្នកលួចប្រាប់ឲ្យដឹងមុន ទើបនៅពេលដែលកម្លាំងសមត្ថកិច្ចចូលទៅដល់ពួកគេបានរត់គេចខ្លួនចេញតាមទ្វារក្រោយបាត់អស់ សូម្បីតែអ្នកគ្រប់គ្រងក៏រត់បាត់ដែរ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានដកហូតទូហ្គេមបាញ់ត្រី តុបៀរ និងឧបករណ៍ល្បែងជាច្រើនទៀត ហើយនាំទៅកាន់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមច្បាប់៕